Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តស្ទឹងត្រែងផ្គត់ផ្គង់ត្រីបាន៤ពាន់តោន ទៅលើតម្រូវការទីផ្សារ ក្នុងឆ្នាំ២០២១

ស្ទឹងត្រែង ៖ លោកស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្តីទីខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅឆ្នាំ២០២១កន្លងមក ផលនេសាទដែលទទួលបានពីអ្នកនេសាទសម្រាប់ផ្គត់ផ្គង់តម្រូវការ នាំត្រីទៅលើទីផ្សារក្នុងខេត្តស្ទឹងត្រែងនិងនាំចេញទៅក្រៅខេត្ត មួយចំនួន ក្នុងប្រ ទេសកម្ពុជាមានរង្វង់៤ពាន់តោន។

លោកស្រី សម វិចិត្របានលើកឡើងថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើក កម្ពស់កម្រិតជីវភាព ទទួលបានប្រាក់ចំណូលស្បៀងអាហារនិងសន្តិសុខស្បៀង របស់ប្រជាជននៅក្នុងខេត្តស្ទឹងត្រែងក៏ដូចជាក្នុងប្រទេសកម្ពុជា។

ជាមួយនោះធនធានត្រីនៅខេត្តស្ទឹងត្រែងក៏មានកត្តាមួយចំនួន កំពុងគំរាមកំហែងដល់ទិន្នផលត្រី ដែលជាប្រភពអាហារប្រចាំថ្ងៃដ៏សំខាន់ ដល់ប្រជាជនផងដែរ។ មានកត្តាជាច្រើនធ្វើឲ្យប៉ះពាល់ដល់ធនធានត្រី ដូចជាកំណើនប្រជាជនមានការកើតឡើងច្រើន។ តម្រូវការសាច់ត្រីក៏កាន់តែច្រើន។ ការនេសាទត្រីហួសកម្រិត។ ការលួចនេសាទខុសច្បាប់។ របបទឹកមានការប្រែប្រួលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាក់ទងទៅនឹងអាកាសធាតុ។ វ៉ារីវប្បកម្មដំណើរការយឺតវិស័យឯកជនខ្វះទុន និងខ្វះចំណេះដឹងមួយចំនួន។ បញ្ហាទាំងអស់នេះ មានការព្រួយបារម្ភយ៉ាងខ្លាំង។

ប្រភពដដែលបានប្រាប់ឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង នៅខ្វះធនធានមនុស្សនិងសម្ភារៈមួយចំនួន សម្រាប់ប្រើប្រាស់។ ការចូលរួមរបស់អាជ្ញាធរពាក់ព័ន្ធ សហគមន៍ នៅមានកម្រិតនៅឡើយ។

ចំណែកការបង្ក្រាបបទល្មើសនេសាទ មានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ សហគមន៍ និងមន្ត្រីជំនាញក្នុងឆ្នាំ២០២១ កន្លងមកនេះ។ បានដកហូតម៉ងក្រឡាតូចធំវែងៗ ជាង៣ម៉ឺនម៉ែត្រ។ ដកហូតសន្ទូចនងជាង១ពាន់ផ្លែ។ ដុតបំផ្លាញចោលស្បៃម៉ុងជាង ៣ពាន់ម៉ែត្រ។ ដកហូតស្បៃអូនជាង៦០០ម៉ែត្រ។ បំផ្លាញចោលនូវឧបករណ៍នេសាទបិទអូរចំនួន១៦កន្លែង។ ដកហូតទូកម៉ាស៊ីនចំនួន១០គ្រឿង។ បញ្ជូនសំណុំរឿងទៅតុលាការចំនួន១០ ករណីនិងធ្វើការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋស្ដីអំពីការនេសាទខុសច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×