ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងសហការី បានអញ្ជើញមកពិនិត្យកសិដ្ឋានដាំបន្លែចម្រុះ ជាលក្ខណ: hydroponic នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
កសិដ្ឋានដាំបន្លែជាលក្ខណ: hydroponic សាលាដ ត្រសក់ផ្អែម និងប៉េងប៉ោះ ក្រៅពីនោះដាំលើដី សរុប ៣៨ មុខបន្លែ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងសៀមរាបទាំងមូល។ បច្ចុប្បន្នសកម្មភាពនៃការដាំដុះបានធ្លាក់ចុះបន្តិច ដោយសារវិបត្តិជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាម្ចាស់កសិដ្ឋានសង្ឃឹមថា ផលិតកម្មបន្លែនឹងកើនឡើងវិញក្រោយពេលវិបត្តិនេះ និងជាពិសេសបន្ទាប់ពីព្រលាន យន្តហោះខេត្តសៀមរាបថ្មីសាងសង់រួច ដែលអាចទទួលភ្ញៀវទេសចរបានរាប់លាននាក់។

សំខាន់ជាងនេះ កសិដ្ឋានគ្រោងរៀបចំជាកសិទេសចរណ៍ផងដែរ នាពេលអនាគត ដោយសារកសិដ្ឋានមានលក្ខណ:អំណោយផល សំអាងលើដី ទឹក ហេដ្ឋារចនាសម្ព័ន្ធ សួនបន្លែ ដំណាំឈើហូបផ្លែ ផ្ទះសំណាក់ និងទេសភាពជើងភ្នំគូលេន។ល។ លក្ខខណ្ឌដ៏ល្អទាំងអស់នេះ ម្ចាស់កសិដ្ឋានសង្ឃឹមថា នឹងអាចធ្វើការទាក់ទាញ និងស្រូបយកភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុកមកទស្សនាកម្សាន្តបានយ៉ាងច្រើន។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឲ្យកសិដ្ឋានបន្ត សកម្មភាពផលិតរបស់ខ្លួន បើទោះបីយើងជួបបញ្ហាទីផ្សារ ប៉ុន្តែនិន្នាការនៃការកើនឡើងភ្ញៀវទេសចរ នឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗខាងមុខ។ ដោយឡែក ចំពោះគម្រោង ធ្វើកសិទេសចរាណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាព និងគាំទ្រទាំងស្រុង។
ឯកឧត្តមបានបញ្ជាក់ថា យោងតាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី៣១ ខែមីនា នៅទីស្តីការក្រសួងទេសចរណ៍ ស្តីពី”ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) ” ដែលឯកឧត្តមរដ្ឋមន្រ្តីជាអនុប្រធាន បានជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ ដោយឡែក កសិទេសចរណ៍ ក៏បានបញ្ចូលទៅក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នោះផងដែរ។

ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យម្ចាស់កសិដ្ឋានត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីចូលរួមអភិវឌ្ឍន៍កសិទេសចរណ៍ក្នុងខេត្ត សៀមរាបនាពេលអនាគតដ៏ខ្លី។ ការងារនេះ ឯកឧត្តមបានណែនាំឲ្យលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ជួយសហការរៀបចំឯកសារគតិយុត្តមួយចំនួន ទាក់ទងការចុះបញ្ជីសហគមន៍កសិកម្ម និងផ្សព្វផ្សាយបច្ចេកទេសទាំងដំណាំ ត្រី និងផ្លែឈើបន្ថែម ដើម្បីរង់ចាំទទួលភ្ញៀវទេសចរ ក្រោយពេលរាជរដ្ឋាភិបាល បើកប្រទេសយើងឡើងវិញ។ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី












