Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម គង់ វិបុល ៖ ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក បានកេងបន្លំប្រាក់ពន្ធរបស់រដ្ឋ និងធ្វើឱ្យរាំងស្ទះ ដល់ការប្រមូលពន្ធជាតិ

ភ្នំពេញ : ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២២ បានសេចក្តីជូនដំណឹង ស្តីពីការដកហូតអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពររបស់ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក បន្ទាប់ពីក្រុមហ៊ុនប្រព្រឹត្តល្មើសច្បាប់ពន្ធដារ កេងបន្លំប្រាក់ពន្ធរបស់រដ្ឋ។

ឯកឧត្តមគង់ វិបុល បានថ្លែងថា ក្រុមហ៊ុន FEDTAX BUSINESS SOLUTION បានផ្តល់សេវាមិនត្រឹមត្រូវ ដែលនាំឱ្យអតិជនប្រព្រឹត្តខុសច្បាប់ និងបទបញ្ញត្តិនានាស្តីពីពន្ធដារ, ធ្វើសកម្មភាពលួចបន្លំប្រាក់ពន្ធ, ធ្វើការជាមួយរដ្ឋបាលសារពើពន្ធប្រកបដោយភាពមិនស្មោះត្រង់ និងមិនចូលរួមចំណែកទប់ស្កាត់បទល្មើសកេងបន្លំប្រាក់ពន្ធ តាមរយៈការផ្តល់ព័ត៌មានដល់រដ្ឋបាលសារពើពន្ធ។ លើសពីនេះ ក្រុមហ៊ុននេះ ក៏មិនប្រកាស និងបង់ពន្ធក្រុមហ៊ុនខ្លួនឯងឱ្យបានត្រឹមត្រូវ តាមច្បាប់ និងបទប្បញ្ញត្តិ និងផ្តល់សេវាប្រកាសពន្ធឱ្យអតិថិជន គឺមានពុំមានវិជ្ជាជីវៈ និងសុចរិតភាពថែមទៀត។

បើតាមលោក គង់ វិបុល , ក្រុមហ៊ុននេះ បានកេងបន្លំប្រាក់ពន្ធរបស់រដ្ឋ និងអតិថិជន រួមទាំងមានចេតនា ធ្វើឱ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធជាតិទៀត ។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនលោក-លោកស្រីអភិបាល ក្រុមហ៊ុន អ្នកជាប់ពន្ធ និងសាធារណជនទូទៅ ជ្រាបថា ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការស៊ើបអង្កេត និងបាន រកឃើញថា ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក (FEDTAX BUSINESS SOLUTION CO., LTD.) លេខ អត្តសញ្ញាណកម្មសារពើពន្ធ+ K005-901702390 និងកាន់កាប់អាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារលេខ TA201707005 មិនបានតែពេញកាតព្វកិច្ចជាភ្នាក់ងារសេវាកម្មពន្ធដារស្របតាមប្រការ ១០ និងបានប្រព្រឹត្តអំពើខុសឆ្គងដូចមានចែងក្នុង ប្រការ ១៥ នៃប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ ដោយ ខកខានមិនអនុវត្តបានត្រឹមត្រូវតាមប្រកាសនេះល្មើសច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ ដូចខាងក្រោម+

១. មិនបានប្រកាស និងបង់ពន្ធក្រុមហ៊ុនខ្លួនឯងឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ

២. ផ្តល់សេវាចុះបញ្ជី និងបច្ចុប្បន្នភាពព័ត៌មានសហគ្រាស និងសេវាប្រកាសពន្ធឱ្យអតិថិជន ដោយពុំមានវិជ្ជាជីវៈ និងសុចរិតភាព

៣. មិនបានចូលរួមចំណែកទប់ស្កាត់បទល្មើសកេងបន្លំប្រាក់ពន្ធតាមរយៈការផ្តល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ អំពីសកម្មភាពគេចវេះពន្ធ
៤. មិនបានទំនាក់ទំនង ឬធ្វើការជាមួយរដ្ឋបាលសារពើពន្ធប្រកបដោយភាពស្មោះត្រង់

៥. បានធ្វើ និងចូលរួមជាមួយអតិថិជនក្នុងសកម្មភាពលួចបន្លំប្រាក់ពន្ធ

៦. ផ្តល់សេវាដល់អតិថិជនមិនត្រឹមត្រូវដែលនាំឱ្យអតិថិជនប្រព្រឹត្តខុសច្បាប់និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ

៧. មានចេតនាធ្វើឱ្យរាំងស្ទះដល់ការកំណត់ និងការប្រមូលពន្ធ

៨. កេងបន្លំប្រាក់ពន្ធស្ថាប័នរដ្ឋ និងអតិថិជន។

អនុលោមតាមប្រការ ១០ ប្រការ ១៥ នឹងប្រការ ១៦ នៃប្រកាសលេខ ៤៥៥ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ស្តីពីភ្នាក់ងារសេវាកម្មពន្ធដារ អគ្គនាយកដ្ឋានពន្ធដារសម្រេចដកហូតអាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពអាជីវកម្ម ភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពរ របស់ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សីលូសិន ឯ.ក ចាប់ពីថ្ងៃនេះតទៅ។

តាមរយៈការសម្រេចដកហូតអាជ្ញាប័ណ្ណបញ្ឈប់សកម្មភាពអាជីវកម្មជាស្ថាពរនេះ ក្រុមហ៊ុន ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន ឯ.ក ពុំមាននិតិសម្បទាជាភ្នាក់ងារសេវាកម្មពន្ធដារ និងមិនអាចបន្តប្រកបអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារ
ឬផ្តល់សេវាកម្មពាក់ព័ន្ធនឹងពន្ធដារ ជូនអតិថិជនទៀតនោះទេ។ អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូន លោក-លោកស្រី អភិបាលក្រុមហ៊ុន អ្នកជាប់ពន្ធ និងសាធារណជនទូទៅ ដែលធ្លាប់ ឬមានបំណងប្រើប្រាស់សេវាកម្មពន្ធដាររបស់ក្រុមហ៊ុនខាងលើ បញ្ឈប់ការប្រើប្រាស់សេវាកម្មពន្ធដារ របស់ក្រុមហ៊ុននេះចាប់ពីពេលនេះតទៅ។

សូមរំលឹកថា ឯកឧត្តម គង់ វិបុល លើកឡើងកាលពីថ្ងៃទី១៧ មីនាថា កម្លាំងមានសមត្ថកិច្ច ចាប់បានជនខិលខូចមួយក្រុម ដែលបានបន្លំប្រាក់ពន្ធជាតិ ជិត៩០លានដុល្លារ តាមរយៈស៊ីឈ្មួលឈរឈ្មោះបើកក្រុមហ៊ុន បង្កើតវិក្កយបត្រខ្យល់ ដើម្បីកាត់កង និងកេងបន្លំពន្ធរដ្ឋ។ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បានអះអាងថា៖ ការក្លែងបន្លំប្រាក់ពន្ធរដ្ឋនេះ គឺមានពាក់ព័ន្ធនឹងជនជាតិចិន ដោយក្រុមបក្ខពួកទាំងនោះ បានចេញវិក្កយបត្រ ចំនួន៩៩២ ដែលមានទឹកប្រាក់ពន្ធ៨៩លានដុល្លារ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×