ភ្នំពេញ : សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ខែ មេសា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា តម្កល់ទោស ជនជាប់ចោទប្រុស-ស្រីចំនួនចំនួន ៣នាក់ ជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ពី ៥ ទៅ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងឆ្លង ប្រព្រឹត្តនៅ ចំណុចខាងមុខ ប្រៃសណីយ៍ សង្កាត់ វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ នៅក្នុងឆ្នាំ ២០១៩។
លោកជំទាវ ទិតសុទ្ធី បូរ៉ាល័ក្ចណ៌ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំង៣នាក់មានឈ្មោះ ៖ ទី១-ឈ្មោះ វង្ស សុខន ភេទស្រី អាយុ៥០ឆ្នាំ មេក្លោងនៅខេត្តស្ទឹងត្រែង ។ ទី២-ឈ្មោះ សៅ សំណាង ភេទ ប្រុស អាយុ៣២ឆ្នាំ មេខ្លោងនៅភ្នំពេញ ។ និង ទី៣- ឈ្មោះ សោម សារ៉ាវ័ន្ត ភេទប្រុស អាយុ៣៥ ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ១ ខែ មិថុនា ឆ្នាំ ២០២០ កាត់ទោស ទី ១-ឈ្មោះ វង្ស សុខន និង ឈ្មោះ សៅ សំណាង ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៣០ឆ្នាំ និង ពិន័យ ៥០ លានរៀល ក្នុងម្នាក់ៗ ។ ចំណែកឯ ឈ្មោះ សោម សារ៉ាវ័ន្ត ត្រូវជាប់ពន្ធនាគារកំណត់ ៥ ឆ្នាំ និង ពិន័យ ១០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ។
ពួកគេត្រូវបានជាប់ចោទពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែពួកគេបានប្តឹងឧទ្ធរណ៍។ ពួកគេទាំង៣នាក់ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ នៅមុខប្រៃសណីយ៍ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចក ដកហូតបាន គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ១, ៥២៤ ក្រាម (មានទម្ងន់ជាង១,៥ គីឡូក្រាម) ពី ពួកគេ ។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទ ០៦ ខែ មេសា ឆ្នាំ ២០២២ ខាងមុខនេះ៕រក្សាសិទ្ធិដោយ : ចន្ទា ភា

