Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វេង សាខុន ចេញវិធានការពង្រឹង ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងជលផល

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីវិធានការពង្រឹង ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងជលផល , ឯកឧត្តម បានបញ្ជាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបជាបន្ទាន់នូវ​បទល្មើស​​ធនធាន​ធម្មជាតិ​តាមដែនសមត្ថកិច្ចរៀងៗខ្លួន ចៀសវាងទុកបទល្មើសទាំងនោះ រីករាលដាលកាន់តែធំ ពិបាកដោះស្រាយ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ លោក វេង សាខុន បានថ្លែងថា កន្លងមក ក្នុងដំណើរការកំណែទម្រង់ស៊ីជម្រៅ គ្រប់គ្រងធនធានធម្មជាតិក្នុងវិស័យព្រៃឈើ និងជលផល រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេស ការបែងចែកឡើងវិញនូវសមត្ថកិច្ចទទួលខុសត្រូវឱ្យបានច្បាស់លាស់រវាងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ព្រមទាំងរវាង ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពការគ្រប់គ្រងធនធាន ធម្មជាតិ។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសារាចរណែនាំ លេខ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិដែលបានផ្តល់សិទ្ធិអំណាច ដល់រដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។

ដើម្បីឆ្លើយតបទៅនឹងខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តខាងលើ និងអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី បិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២១. និងទិសដៅអនុវត្តឆ្នាំ ២០២២ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងការពង្រឹងការគ្រប់គ្រងធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផល ឱ្យបានល្អប្រសើរនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមអនុវត្តនូវវិធានការ ចាំបាច់ជាក់ស្តែងមួយចំនួនដូចខាងក្រោម៖

១-ដឹកនាំ និងសម្របសម្រួលកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននូវការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានាក្នុងការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផលក្នុងដែនសមត្ថកិច្ច របស់ខ្លួនប្រកបដោយឆន្ទៈម្ចាស់ការ និងស្មារតីទទួលខុសត្រូវ។

២-ត្រូវទប់ស្កាត់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ និងដីព្រៃលិចទឹក ដោយចាត់វិធានការ គ្រប់គ្រង ត្រួតពិនិត្យនូវការធ្វើសន្និធិ ការធ្វើចរាចរ និងការកែច្នៃផល អនុផលព្រៃឈើគ្រប់ប្រភេទ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទផងដែរ។

៣-ក្នុងករណីប្រទះឃើញបទល្មើសជាក់ស្តែង ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ តាមដែន សមត្ថកិច្ចរៀងៗខ្លួន ចៀសវាងទុកឱ្យបទល្មើសទាំងនោះរីករាលដាលកាន់តែធំ និងពិបាកក្នុងការដោះស្រាយ។ ប្រសិនបើបទល្មើសមានទ្រង់ទ្រាយធំមានលក្ខណៈស្មុគស្មាញ ត្រូវរាយការណ៍ និងសុំអន្តរាគមន៍ជាបន្ទាន់មក ក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ ដើម្បីមានវិធានការ និងរួមគ្នាដោះស្រាយតាមនីតិវិធីជាធរមាន។

៤-ក្នុងករណីមានបទល្មើសធ្ងន់ធ្ងរ ក្រសួង-ស្ថាប័នថ្នាក់ជាតិនឹងចាត់ថ្នាក់ដឹកនាំ រួមជាមួយអង្គភាពជំនាញចុះសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ ករណីមិនអាចដោះស្រាយបាន ក្រសួង-ស្ថាប័ននៅថ្នាក់ជាតិនឹងស្នើសុំអនុសាសន៍ដឹកនាំពីប្រមុខរាជរដ្ឋាភិបាល ដើម្បីចាត់ វិធានការតាមផ្លូវច្បាប់ជាធរមាន។

៥- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់ថ្នាក់ដឹកនាំ រៀបចំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃលើ ការអនុវត្ត និងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល អំពីលទ្ធផលទទួលបានជាប់ជាប្រចាំរៀងរាល់ចុងខែ៕ រក្សាសិទ្ធិដោយ ​៖ សុទ្ធ លី

×