ក្រចេះ ៖ ស្ពានបេតុងសរសៃដែក ប្រវែង ៣៦ម៉ែត្រ ដែលមានឈ្មោះថា ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿង (ឬ ស្ពានអណ្តែងដូន) ស្ថិតនៅព្រំប្រទល់រវាងសង្កាត់ក្រចេះ និងសង្កាត់ក្រគរ ក្រុងក្រចេះ ជាស្ពានពន្លឿនការងារ និងសម្រួលដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម នៃខេត្តនេះ, ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមវត្តមាន លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ង្វៀន វ៉ាន់យ៉ាញ់ អនុប្រធានគណៈកម្មាធិការ ខេត្តប៊ិញយឿង នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

បើតាមមន្ត្រីសាធារណការនៃខេត្តក្រចេះ បានឲ្យដឹងថា គណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង បានឧបត្ថម្ភថវិកាជួយដល់រដ្ឋបាលខេត្តក្រចេះ ដើម្បីធ្វើការការសាងសង់ឡើងវិញ នូវស្ពានអណ្តែងដូន និងប្រគល់ការងារសាងសង់នេះជូនមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ លើទំហំ និងបរិមាណការងារ ស្របតាមបទដ្ឋានបច្ចេកទេស នៃការសាងសង់ស្ពានអណ្ដែងដូន អំពីបេតុងសរសៃដែកថ្មី ប្រវែង ៣៦ម៉ែត្រ ទទឹង៨.២ម៉ែត្រ ស្ថិតនៅលើផ្លូវខេត្ត លេខ៣៧៧ ជំនួសស្ពានចាស់ ដែលកាលដើមឡើយ ជាប្រភេទដែកអ៊ីក្រាលឈើ ប្រវែង ៣៧.៦ម៉ែត្រ ទទឹង៥ម៉ែត្រ មានសភាពចាស់ទ្រុឌទ្រោម ពុកផុយគ្រឿងបង្គុំ ជើងទម្រក្រោម និង ក្តារក្រាល ពិបាកក្នុងការធ្វើដំណើរ ហើយអាចធ្វើចរាចរណ៍បានតែមួយគន្លងរថយន្តប៉ុណ្ណោះ មិនអាចជៀសគ្នាបាន ដោយទទឹងតូចចង្អៀត, មិនតែប៉ុណ្ណោះ ភាពចាស់ទ្រុឌទ្រោមនៃស្ពាននេះអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ទីនេះទៀតផង។
លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រចេះ បានប្រាប់ថា សមិទ្ធផលស្ពានមិត្តភាព ក្រចេះ-ប៊ិញយឿង (ឬ ស្ពានអណ្តែងដូន) នេះ គផ្តើមចេញពីការទំនាក់ទំនងមិត្តភាព ជាប្រពៃណី លើកិច្ចសហប្រតិបត្តិការ ស្ថិតស្ថេរយូរអង្វែង មិត្តភាពជិតស្និទ្ធ រវាងខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកបង្កើនសកម្មភាព សហប្រតិបតិ្តការជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍រួម របស់អាជ្ញាធរទាំងពីរ រហូតឈានទៅជួយគ្នាសម្រេចបានសមិទ្ធផលស្ពានថ្មីសន្លាងក្នុងខេត្តក្រចេះមួយនេះ។

គួរបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ នៃខេត្តក្រចេះកម្ពុជា មានភាពស្អិតរមួតជាមួយភាគីវៀតណាម ដូចជា ខេត្តប៊ិញយឿង និងខេត្តប៊ិញភឿក ដែលកន្លងមកបានធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជួយគ្នាទៅវិញទៅមក រហូតធ្វើឲ្យខេត្តក្រចេះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ជាពិសេសស្ពានថ្មីមួយនេះ។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការលើកវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ខេត្តក្រចេះ និងភាគីវៀតណាម តែងតែបានបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន អាជីវករ ពាណិជ្ជករ បណ្តាវិនិយោគិនឆ្លងកាត់ទឹកដីគ្នាទៅវិញទៅមកក្នុងការទិញ-លក់ទំនិញ និងការសម្របសម្រួលសួរសុខទុក្ខញាតិមិត្ត និងចេញ-ចូលព្យាបាលជំងឺ, ដូច្នេះ ស្ពាននេះ គឺជាការជួយគ្នាទៅវិញទៅមក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








