ភ្នំពេញ ៖ ព្រឹត្តិការណ៍កម្សាន្ត សប្បាយ ដ៏ធំនៅរាជធានីភ្នំពេញ ត្រូវបានចាប់ផ្ដើមហើយ គឺពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា បានបើកជាផ្លូវការ នារាត្រីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា លោក អេមេណេហ្គ្លីដូ គូប៉ា ឡូប៉េស (Ermeneglido Kupa Lopes) នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានថ្លែងឱ្យដឹងថា តាមរយៈព្រឹត្តិការណ៍នេះ គឺជាឱកាសសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនានា បានចូលទស្សនា និងស្វែងយល់អំពីពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាសមិទ្ធផលជាតិដ៏ធំធេងថ្មីសន្លាងមួយ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាគោលដៅទេសចរណ៍ថ្មីមួយដែលស្ថិតនៅតំបន់ដែលមានសក្តានុពលទាក់ទាញសម្រាប់ភ្ញៀវទេសចរ ហើយក៏នឹងក្លាយជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ SEA Games ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កម្សាន្ត សប្បាយដ៏ធំនៅរាជធានីភ្នំពេញនេះ ត្រូវបានរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពី ថ្ងៃទី៦-១០ ខែមេសា ឆ្នាំ២០២២ ក្រោមកិច្ចសហការរៀបចំ និងគាំទ្រពីក្រសួងទេសចរណ៍ សាលារាជធានីភ្នំពេញ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ដែលបានរួមគ្នារៀបចំកម្មវិធី ពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា (KHBN) នេះឡើង។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណង អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីជាតិ និងបំផុសពីផលិតផលទេសចរណ៍ក្នុងស្រុក។

ជាមួយនឹងព្រឹត្តិការណ៍ដ៏ធំសម្រាប់រាជធានីភ្នំពេញនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីស្មារតីប្រុងប្រយ័ត្នមួយចំនួន ដូចជា ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបាននូវស្ថិរភាព និងនិរន្តរភាពនៃដំណើការមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍ឡើងវិញ ជាពិសេសត្រៀមទទួលភ្ញៀវទេសចរដើរកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។
ចំណែក លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានជំរុញបន្ថែមថា សូមឱ្យប្រជាជនក្នុងរាជធានីភ្នំពេញ និងភ្ញៀវទេសចរទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល វិធានការ «៣កុំ ៣ការពារ» ឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបាននូវស្ថិរភាព និរន្តរភាពនៃដំណើរការអាជីវកម្មសេវាកម្មនានា, ហើយម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវបន្តអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) ទៅតាមប្រភេទសេវាកម្មរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN


















