Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង បញ្ជាឱ្យចាត់វិធានការតឹងរ៉ឹង លើជនបរទេសណាស្នាក់នៅកម្ពុជា មិនស្របច្បាប់ គឺបណ្ដេញចេញតាមច្បាប់កម្ពុជា

ភ្នំពេញ ៖ ដោយមិនខ្វល់ថាជនបរទេសណាសញ្ជាតិណានោះទេ ឲ្យតែឆ្លងកាត់ព្រំដែនគ្មានលិខិតស្នាមអនុញ្ញាត ឬក៏បាននិងកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គ្មានច្បាប់ទម្លាប់ គ្មានលិខិតស្នាមអនុញ្ញាត ត្រូវឃាត់ខ្លួនបណ្ដេញចេញទៅវិញភ្លាមតាមនីតិវិធីច្បាប់, នេះជាការរំឭក ក៏ដូចជាការដាក់បទបញ្ជាទៅដល់កម្លាំងសមត្ថកិច្ចផ្នែកអន្តោប្រវេសន៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានចេញបញ្ជាបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២, ដោយសម្ដេចក្រឡាហោម ស ខេង បានអះអាងទៀតថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែក អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានអនុវត្តដោយជោគជ័យលើការងារដកហូតឯកសារខុសច្បាប់ដែលកាន់កាប់ដោយមិនប្រក្រតីពីជនបរទេស ដូច្នេះ ការស្នាក់នៅដោយខុសច្បាប់របស់ជនបរទេស មិនត្រូវឲ្យកើតមានក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។

ទាក់ទងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ថា មន្ដ្រីពាក់ព័ន្ធទាំងអស់ មិនត្រូវគប់គិតជាមួយជនអន្ដោប្រវេសន៍ខុសច្បាប់ទាំងឡាយណា ដែលសំងំស្នាក់នៅក្នុងប្រទេសកម្ពុជាគ្មានច្បាប់ទម្លាប់ ឬគ្មានលិខិតស្នាមនោះទេ, ហើយត្រូវអនុវត្តស្មើៗគ្នាគ្រប់ជនជាតិទាំងអស់ ពោលគឺ ឲ្យតែខុសច្បាប់ គឺត្រូវអនុវត្តច្បាប់តែមួយដូចៗគ្នា និងមិនត្រូវទុកបញ្ហានេះឲ្យនៅគរៗលើគ្នារហូតនាំឲ្យមានផលលំបាកក្នុងការដោះស្រាយនោះទេ។

តាមច្បាប់អន្តោប្រវេសន៍មានជាធរមានរួចហើយ គឺសមត្ថកិច្ចអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការម៉ឺងម៉ាត់ជាប់ជាប្រចាំ ហើយមិនត្រូវទុកឲ្យមានជនបរទេសរូបណា លួចចូលមករស់នៅមិនស្របច្បាប់ក្នុងប្រទេសកម្ពុជានោះទេ។ នេះជាបញ្ហាសំខាន់ណាស់ ដែលកន្លងទៅយើងបានបើកយុទ្ធនាការដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ និងទទួលបានលទ្ធផលល្អប្រសើរផងដែរ ចឹងយើងសន្មត់ថា អ្នកដែលចូលមកគ្មានក្រដាសស្នាម គឺខុសច្បាប់, បើខុសច្បាប់ យើងត្រូវចាប់បណ្ដេញចេញទៅវិញតាមច្បាប់កម្ពុជា។

បើតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសអន្តោប្រវេសន្ត ដែលបានពាក្យសុំប្រកាសទទួលស្គាល់ និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ គិតត្រឹមបិទឱសានវាទ (ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩) យុទ្ធនាការជំរឿនស្ថិតិ និងដកហូតឯកសាររដ្ឋបាលមិនប្រក្រតីមានចំនួន ២៨,៩៤៥គ្រួសារ មនុស្សមានចំនួន ៨៩,៧៨៦នាក់។

ដើម្បីគ្រប់គ្រងការងារនេះបានល្អ ក្រសួងមហាផ្ទៃ បានផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនដល់ជនបរទេសដែលមាន អាយុ១៨ឆ្នាំឡើងចំនួន ៦៥,១៦៨នាក់ ជាមួយនោះ បានផ្តល់បណ្ណបន្តសុពលភាពដែលមានរយៈពេល ០២ឆ្នាំម្ដង សរុបចំនួន ១៩,៥៦១បណ្ណ ក្នុងនោះបានបន្តសុពលភាពលើកទី១ ចំនួន ១៥,៩៣៣នាក់, លើកទី២ ចំនួន ៣,៥៦៧នាក់, លើកទី៣ ចំនួន ៥២នាក់ និងលើកទី៤ ចំនួន០៩នាក់។

ដើម្បីកាន់តែហ្មត់ចត់ថែមទៀតនោះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា សូមសមត្ថកិច្ចនៅតាមព្រំដែន ស្នងការនគរបាលតាមព្រំដែន អធិការ ប៉ុស្ដិ៍នគរបាលតាមព្រំដែន និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមទីប្រជុំជន រាជធានី-ខេត្តនានាត្រូវក្ដាប់គោលការណ៍នេះឲ្យជាប់ ដើម្បីយើងដឹងថា នៅក្នុងមូលដ្ឋានរបស់យើង មានជនបរទេសប៉ុន្មាននាក់រស់នៅស្របច្បាប់?! ហើយបើមានមិនភាពស្របច្បាប់ទេនោះ ត្រូវតែដោះស្រាយតាមវិធានការបណ្ដេញពីប្រទេសកម្ពុជា តាមនីតិវិធីច្បាប់ជាធរមាន៕ ពិសិដ្ឋ CEN

×