Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ អញ្ជើញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីស្គាល់វប្បធម៌ដ៏រុងរឿងរបស់ប្រជាជនខ្មែរ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងលេខ១៣៩ សជណ.អអទ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ស្តីពី ការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស២០២២ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

ក្រសួងទេសចរណ៍ សូមជម្រាបជូនដល់សមាគមទេសចរណ៏ ផ្នែករដ្ឋ ឯកជន ពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស សារព័ត៌មានជាតិ-អន្តរជាតិ និងភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានជ្រាបថា “កម្ពុជា ជាគោលដៅទេសចរណ៍ សុវត្ថិភាព និងផ្តល់ភាពកក់ក្ដៅ ដូច្នេះ យើងនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេស។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាពិធីបុណ្យប្រពៃណ៏ដ៏សំខាន់ និងពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញអំពីវប្បធម៌ ទំនៀមទម្លាប់ និងរបៀបរបបនៃការរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល ដូច្នេះ សូមភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីស្គាល់វប្បធម៌ដ៏រុងរឿងរបស់ប្រជាជនខ្មែរ។

ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវភាពជឿជាក់ និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងសុខាភិបាលបានដាក់ចេញ “វិធានសុវត្ថិភាពទេសចរណ៍” រួមជាមួយនឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវ “វិធានសុខាភិបាល – ៣កុំ ៣ការពារ” និង “នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា- Standard of Operating Procedures (SOPs)” នៅគ្រប់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍។

ក្រសួងទេសចរណ៍ សូមអញ្ជើញភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់មកទស្សនា “កម្ពុជា៖ ជាគោលដៅ ទេសចរណ៍សុវត្ថិភាព និងផ្តល់ភាពកក់ក្ដៅ” និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បី ស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីៗនូវទេសចរណ៍ធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា ដោយអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវ “វិធានសុខាភិបាល ៣កុំ ៣ការពារ”។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន និងស្ថាប័នពាក់ព័ន្ធ ទាំងក្នុង និងក្រៅប្រទេស សារព័ត៌មានជាតិ-អន្តរជាតិ ចូលរួម ផ្សព្វផ្សាយ និងរៀបចំកញ្ចប់ទស្សនកិច្ចថ្មីៗ បង្កើនទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយ ភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនា “កម្ពុជា៖ ព្រះរាជាណាចក្រ អច្ឆរិយ – សុវត្ថិភាព និងផ្តល់ភាពកក់ក្ដៅ កាន់តែច្រើនឡើងវិញ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×