ស្ទឹងត្រែង ៖ «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង» ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែង នឹងមានរយៈពេលមួយខែ ដែលនឹងដឹកនាំធ្វើក្រោមកិច្ចសហការរវាងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ WWF នេះ ធ្វើឡើងក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែ ក្នុងខេត្តចំនួន ៦ ក្នុងភូមិសាស្ត្រភាគខាងកើតទន្លេមេគង្គ រួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការដៃគូ ដែលសហការក្នុងការងារអភិរក្ស។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា គោលបំណងសំខាន់នៃយុទ្ធនាការអន្ទាក់សូន្យនេះ គឺដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ឈប់ការបរបាញ់សត្វព្រៃដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ធ្វើឱ្យព្រៃធម្មជាតិកាន់តែមានសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតធ្វើជាជម្រកសម្រាប់រស់ន និងមាន លទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តពូជបង្កើតកូនពូនជាចៅរាប់ជំនាន់ទៅមុខទៀត។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា យុទ្ធនាការអន្ទាក់សូន្យរបស់យើងនៅពេលនេះ ដើម្បីចូលរួមផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតរបស់ ប្រជាពលរដ្ឋមួយចំនួន ដែលប្រកបរបរដាក់អន្ទាក់និងបរបាញ់សត្វព្រៃឱ្យបញ្ឈប់សកម្មភាពខុសច្បាប់នេះ និងងាកទៅចាប់មុខរបរថ្មីជំនួសវិញ និងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលចូលចិត្ត ហូបសាច់សត្វព្រៃឱ្យបញ្ឈប់ការហូបសាច់សត្វព្រៃ បញ្ឈប់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ បញ្ឈប់ ការជួញដូរសំណាក់សត្វព្រៃ និងងាកមកចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ អភិរក្សសត្វ ព្រៃដើម្បីផលប្រយោជន៍នៃប្រព័ន្ធអេកូឡូស៊ី និងផលប្រយោជន៍ទេសចរណ៍ធម្មជាតិ។ យុទ្ធនាការ នេះ ក៏ជាការផ្តល់សញ្ញាមួយថ្មីនៃការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសសត្វព្រៃគ្រប់ប្រភេទនៅតាមទីផ្សារតាម ភោជនីយដ្ឋាន តាមសណ្ឋាគារ ផ្ទះសំណាក់ និងនៅតាមតំបន់ទេសចរណ៍នានា តាមរយៈក្រុមការងារសង្គ្រោះសត្វព្រៃបន្ទាន់ជាក្រុមអ្នកអនុវត្តច្បាប់។

ឯកឧត្តម នេត្រ ភក្ត្រា បន្តថា ជារៀងរាល់ថ្ងៃ សត្វព្រៃដ៏មានតម្លៃត្រូវបានសម្លាប់ដោយសារតែព្រានព្រៃប្រើអន្ទាក់គ្រប់ប្រភេទ និងគ្រាប់កាំភ្លើងកែច្នៃសម្លាប់ ដើម្បីយកទៅធ្វើជាម្ហូបសម្រាប់គ្រួសារ និងសម្រាប់លក់នៅលើទីផ្សារ ដល់អ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ។ «សត្វព្រៃមួយក្បាលៗ ដែលត្រូវបានសម្លាប់ បើគិតជាសាច់មិនច្រើនគីឡូឡើយ ហើយបើគិតជាប្រាក់ដែលលក់បាន ក៏មិនច្រើនដែរ និងបើគិតពីរសជាតិ ក៏មិនឆ្ងាញ់ដូចសត្វស្រុកទេ ហើយក៏មិនមែនពិសាទៅធ្វើឱ្យយើងមានសុខភាពល្អ ជីវិតអមតៈ ដូចពាក្យចចាមអារាមនោះឡើយ ប៉ុន្តែបើយើងគិតពីតម្លៃជីវៈចម្រុះប្រព័ន្ធអេកូឡូស៊ី សត្វព្រៃមួយក្បាលៗ ពិតជាមានតម្លៃដ៏មហាធំធេងមិនអាចគណនាជាប្រាក់បានឡើយ ហើយសត្វព្រៃទាំងនេះ ក៏ជាប្រភពថវិកាមិនចេះរីងស្ងួតពីចំណូលលើវិស័យទេសចរណ៍ផងដែរ»។ នេះគឺជាការបញ្ជាក់ របស់រដ្ឋលេខាធិការក្រសួងបរិស្ថាននៅចំពោះមុខអ្នកចូលរួមដែលរួមមានព្រះសង្ឃ ប្រជាសហគមន៍ សិស្សានុសិស្ស អាជ្ញាធរពាក់ព័ន្ធ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




