ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៧ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការវិនិយោគលើគម្រោងថ្មីចំនួន៤៧ ក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន១១ ដែលមានទុនវិនិយោគសរុប ៤៨៤លានដុល្លារអាមេរិក និងដែលអាចបង្កើតការងារបានចំនួន ១៧.២៧៨កន្លែង លើវិស័យមួយចំនួនរួមមាន៖ ការដំឡើងរថយន្ត ម៉ូតូ កង់ ការផលិតគ្រឿងបង្គុំរថយន្ត គ្រឿងបន្លាស់បរិក្ខារពេទ្យ ម៉ូទ័រខ្នាតតូច ម៉ាស៊ីនក្រឡឹងគ្រប់ប្រភេទ ឧបករណ៍អគ្គិសនី សម្ភារៈក្មេងលេង សម្ភារៈកីឡា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងអាហារបំប៉ន។
ក្នុងវេទិកាចែករំលែកបទពិសោធន៍ស្តីពី កិច្ចអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅទីក្រុងសិនជិន ដែលរៀបចំឡើងនៅវិមានរដ្ឋភិបាលវត្តភ្នំ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអភិក្រមសំខាន់មួយ គឺ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវបានចាត់ទុកថា ជាយន្តការមួយ ក្នុងការកៀរគរវិនិយោគផ្ទាល់ពីបរទេស និងវិនិយោគឯកជនក្នុងស្រុក ដើម្បីដើរតួនាទីបង្កើតការងារជូនប្រជាជន និងជំរុញការនាំចេញ។
ក្នុងនាមថ្នាក់ដឹកនាំ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការគូសបញ្ជាក់ពីសារសំខាន់នៃការរៀបចំវេទិកានេះ ឡើងដែលបានផ្ដល់ឱកាសដល់អ្នកចូលរួមទាំងអស់ បានទទួលនូវការចែករំលែកបទពិសោធន៍ ក្នុងកិច្ចការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ពីអ្នកជំនាញអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពជោគជ័យបំផុតរបស់ចិន គឺតំបន់សេដ្ឋកិច្ចពិសេសសិនជិន ដើម្បីស្វែងយល់ពីបទពិសោធន៍ល្អៗ កត្តាគួរជៀងវាងផ្សេងៗ ក៏ដូចជាការទទួលបាននូវពុទ្ធិថ្មី និងយុទ្ធសាស្ត្រគន្លឹះសម្រាប់យកមកអភិវឌ្ឍតំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា ជំរុញនិងទាក់ទាញវិនិយោគិនចិនឱ្យមកបណ្តាក់ទុនបន្ថែម ព្រមទាំងចូលរួមពង្រឹងកិច្ចសហប្រតិបតិ្តការភាពជាដៃគូរវាងប្រទេសកម្ពុជា និងចិន។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ អនុក្រឹត្យស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស តាំងពីឆ្នាំ២០០៥ ដែលមកទល់បច្ចុប្បន្នកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៣២ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ និងបានផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋចំនួន ១០៤.២៤១នាក់៕ ដោយ ៖ បញ្ញាស័ក្តិ