Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន លើកទឹកចិត្តដល់ សមាគមន៍ធុរកិច្ច បន្តស្វែងរកនិងពង្រីកសកម្មភាព ធុរកិច្ចនិង និងវិនិយោគនៅអាស៊ាន ដើម្បីសម្រេចឲ្យបាននូវការស្តារសេដ្ឋកិច្ច

ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានថ្លែងលើកទឹកចិត្តដល់ សមាគមន៍ធុរកិច្ច បន្តស្វែងរកនិងពង្រីកសកម្មភាព ធុរកិច្ចនិង និងវិនិយោគនៅអាស៊ាន ដើម្បីសម្រេចឲ្យបាននូវការស្តារសេដ្ឋកិច្ចប្រកបទៅដោយចរីភាព។

នារសៀលថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន បានអញ្ជើញចូលរួមកិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានជាមួយនិង រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ដែលប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន និងមានការចូលរួមពី រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ទេសាភិបាលធនាគាកណ្តាលអាស៊ាន អគ្គលេខាធិការអាស៊ាន មន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន តំណាងពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន និងតំណាងពីស្ថាប័នពាក់ព័ន្ធ។

អ្នកឧកញ៉ា គិត ម៉េង បានស្នើដល់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ខិតខំប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈមនានា។

ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានជម្រាបជូន អំពីការគាំទ្ររបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ចំពោះមូលបទអាស៊ានដែលកម្ពុជា ជាប្រធាន អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។

អ្នកឧកញ៉ា គិត ម៉េង បានរាយការណ៍ជូន អង្គប្រជុំអំពីអនុសាសន៍សំខាន់ៗ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលផ្តោតលើចំនុចសំខាន់ៗបី គឺ ៖ ១) ការស្តារឡើងវិញនូវវិស័យធុរកិច្ច ដែលខូចខាតធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតសាកល និងការរាំងស្ទះ
ចម្បងៗដែលកើតមានឡើងចំពោះធុរកិច្ច ជាពិសេស ចំពោះសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម។ ២) កិច្ចសហការឲ្យកាន់តែជិតស្និទ្ធ ក្នុងការរៀបចំជាមូលដ្ឋានគ្រឹះឆ្ពោះ ទៅកាន់អនាគតមួយប្រកបដោយចីរភាព និងកំណើនបៃតង ។ ៣) កិច្ចសហការឲ្យកាន់តែរឹងមាំ រវាងរដ្ឋនិងវិស័យឯកជន ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនគារជាតិអាស៊ាន

អ្នកឧកញ៉ា គិត ម៉េង បានស្នើឲ្យមានកិច្ចប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយថ្លៃដើម នៃការធ្វើធុរកិច្ចទាំង នៅកម្រិតជាតិ និងកម្រិតតំបន់ ស្នើឲ្យមានការខិតខំរកមធ្យោបាយធ្វើឲ្យខ្សែច្រវាក់ផ្គត់ផ្គង់មានភាពធន់នឹងវិបត្តិ ក្នុងស្ថានភាពនៃបញ្ហាប្រឈមជាសាកល និងការជួយជ្រោមជ្រែងបណ្តុះបណ្តាល សហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យមអំពីយន្តការឥណទាន ការគ្រប់គ្រងហានិភ័យ និង ការត្រៀមលក្ខណៈចំពោះគ្រោះមហន្តរាយ ដោយផ្អែកលើបទពិសោធន៍អនុវត្តន៍កន្លងមកជាសាកល។

អ្នកឧកញ៉ាបន្តថា សហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម (SME) នៅតែប្រឈមនឹងការលំបាក និងព្យាយាមស្វែងរកមធ្យោបាយ ដែលងាយស្រួលជាងមុន ដើម្បីទទួលបាននូវសេវាកម្មធនាគារ និងធានារ៉ាប់រងតាមរយៈថ្នាលបច្ចេកវិទ្យា ដែលទាមទារចាំបាច់នូវការកសាងប្រព័ន្ធអេកូឡូស៊ីឥណទានឆ្លងដែន ដែលអាចប្រើការបាន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យមានការត្រៀមលក្ខណៈហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ក្នុងការទាញយកនូវផលប្រយោជន៍ និងកាលានុវត្តភាពពីទីផ្សារថ្មី ជាពិសេស ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងជួយឲ្យសេដ្ឋកិច្ចកាន់តែមានភាពធន់នឹងវិបត្តិ និងការពារពីការរាំងស្ទះដែលបណ្តាលមកពីភូមិសាស្ត្រនយោបាយ និងហានិភ័យផ្សេងៗ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក៏មានការចូលរួមធ្វើបទអន្តរគមន៍ ដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-ម៉ាឡេស៊ី អំពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយភូមិសាស្ត្រនយោបាយ បទអន្តរាគមន៍របស់ក្រុមប្រឹក្សា
ធុរកិច្ចអឺរ៉ុប-អាស៊ាន អំពីហិរញ្ញវត្ថុបៃតងនិងចីរភាព និងបទអន្តរាគមន៍របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានអំពីអនាគតនៃឌីជីថល និងយថាទស្សន៍ទិន្នន័យ។

ក្រៅពីនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ពីប្រទេសជាសមាជិកផ្សេងទៀត ក៏បានចូលរួមធ្វើបទអន្តរាគមន៍ឆ្លើយតបនឹងសំណើ របស់ក្រុមប្រឹក្សាធុរកិច្ច និងបានលើកឡើងអំពីបច្ចុប្បន្នភាព នៅបណ្តាប្រទេសរៀងៗខ្លួន។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន បានថ្លែងកោតសរសើរចំពោះការចូលលរួមដ៏សកម្មរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និង បានទទួលយកទៅពិចារណានូវរាល់អនុសាសន៍នានាដែលក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានលើកឡើង។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ សមាគមន៍ធុរកិច្ច បន្តស្វែងរកនិងពង្រីកសកម្មភាព ធុរកិច្ចនិង និងវិនិយោគនៅអាស៊ាន ដើម្បីសម្រេចឲ្យបាននូវការស្តារសេដ្ឋកិច្ចប្រកបទៅដោយចរីភាព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×