ភ្នំពេញ ៖ សមាជិកចំនួនជិត៣០០នាក់បន្ថែមទៀត ក្នុងឃុំអូរជៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។
មានប្រសាសន៍នៅក្នុងពីធីបញ្ចូលសមាជិកគណបក្សថ្មីនេះ ឯកឧត្តម សាយ សំអាល់ប្រធានក្រុមការងារបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់គណ:កម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំងព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។

ឯកឧត្តមប្រធានក្រុមការងារក៏បានស្វាគមន៍ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដោយស្មោះ ចំពោះបងប្អូនទាំងអស់ ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងខ្សែជីវិតមករួមរស់ និងចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរបស់ប្រជាជន និងដើម្បីប្រជាជន ហើយជានិច្ចកាលបានរួមសុខរួមទុក្ខជាមួយប្រជាជន។
ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអូរជ្រៅ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លូ គឹមឈន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃនប់ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ស្រុក និងឃុំជាច្រើនរូបទៀត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




