Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ៖ មនុស្សចាស់ ជាគុណសម្បត្តិមួយ ដែលមិនអាចកាត់ថ្លៃបាន

ភ្នំពេញ ៖ មនុស្សចាស់ ក្នុងរយៈពេល៤៣ឆ្នាំកន្លងនេះពិតជាមានគុណសម្បត្តិយ៉ាងច្រើន ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាអោយរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ នេះជាគុណសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបាន។ នេះប្រសាសន៍លើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងប្រធានអនុគណៈកម្មាធិការដើម្បីមនុស្សចាស់រាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាលនិងផ្តល់អំណោយជូនមនុស្សចាស់ជាង៥០០នាក់នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ៖ ការស្រឡាញ់មនុស្សចាស់ជរា គឺជាប្រពៃណីរបស់ប្រជាពលរដ្ឋកម្ពុជាយើង តាំងពីយូរលង់ណាស់មកហើយ។ សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់មនុស្សចាស់ជរា ដោយសម្តេចទាំងទ្វេរ តែងតែជួយឧបត្ថម្ភជូនមនុស្សចាស់ជាដរាបរៀងមក ។ ជាក់ស្ដែងនៅក្នុងពេលនេះ សម្ដេចទាំងទ្វេ នូវបានឧបត្ថម្ភនូវស្បៀងអាហារ និងថវិកាមួយចំនួនដល់មនុស្សចាស់នៅក្នុងរាជធានីភ្នំពេញចំនួន៥២៥នាក់ ដោយក្នុងម្នាក់បានទទួលអង្ករ មី ត្រីខ ប្រេងឆានិងថវិកាចំនួន៥ម៉ឺនរៀល។

ឯកឧត្តមឃួង ស្រេង បានបន្តទៀតថា តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែន «ក្មេងជាអ្នកមានកំលាំង ចំណែក មនុស្សចាស់ជាអ្នកស្គាល់ផ្លូវ» ការរួមគ្នាប្រាប់ផ្លូវដើម្បីឲ្យ ក្មេងៗជំនាន់ក្រោយដើរ លើផ្លូវដែលរៀបចំដោយមនុស្សចាស់ នោះប្រទេសជាតិនឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន ខ្លាំងក្លាថែមទៀត។

ឯកឧត្តម ឃួង ស្រេង បានសូមឱ្យបងប្អូនទាំងអស់រួមគ្នារក្សាសន្តិភាពឲ្យបានគង់វង់ ដើម្បីឲ្យកម្ពុជាបន្តមានឱកាសអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើនថែមទៀត។លោកបញ្ជាក់ថា សង្គ្រាមវានឹងបង្កភាពហិនហោចឲ្យប្រទេសជាតិ ដូច្នេះយើងត្រូវតែរួមគ្នារក្សាសន្តិភាព ដែលបានមកដោយកម្រនេះឲ្យបានគង់វង្សរហូតតទៅ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា សមាជិកសមាគមមនុស្សចាស់ ក្នុងខណ្ឌទាំង១៤ មានសមាជិកចូលរួម ២១,២១៣នាក់ (ស្រី ១៣,១៧១ នាក់) ។ ទទួលបានការគាំទ្រថវិការ និងសម្ភារៈគ្រឿងឧបភោគបរិភោគពីលោកឃួង ស្រេង ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ០២ លើក សរុបសមាជិកសមាគមមនុស្សចាស់ ចំនួន ១.៣៦៥នាក់ ចំណាយថវិការសរុបចំនួន ១៣២,៧២០,០០០រៀល និងសម្ភារៈមួយចំនួន។ បានទទួលអំណោយឧបត្ថម្ភរបស់កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមតាមបណ្តាលខណ្ឌ ទាំង១៤ សរុបចំនួន២៤លើក មានសមាជិកសមាគម ១.២០០នាក់ (ស្រី៤២០នាក់)។ បានឧបត្ថម្ភថវិកាដល់គ្រួសារសមាជិកសមាគម ដែលបានទទួលមរណភាពចំនួន២៩២សព សរុបចំនួន៧៣,០០០,០០០រៀល ។ បានចុះសួរសុខទុក្ខសមាជិកសមាគម ដែលមានជំងឺជួបការលំបាក ចំនួន២៦២លើក ឧបត្ថម្ភថវិកា សរុបចំនួន ២៥,៣៦០,០០០រៀល។ បាននាំយកអំណោយជាថវិកានិងសម្ភារៈដ៏ថ្លៃថ្លា របស់លោកឃួង ស្រេង ជូនសមាជិកដល់សមាគមមនុស្សចាស់ ក្រីក្រជួបការលំបាក ចំនួន១២១នាក់ ក្នុងកំឡុងពេលបិទខ្ទប់។

មនុស្សវ័យចាស់ក្នុងគ្រួសារសរុបចំនួន២០,១៩២នាក់ ទទួលបានបានជំនួយឧបត្ថម្ភជាសាច់ប្រាក់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងប្រយុទ្ធប្រឆាំងកូវីដ-១៩ (តាមរយៈប័ណ្ណសមធម៌ក្រីក្រ ក្រ១ និងក្រ២)។

លោកស្រីបន្តថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់គិតគូរ សុខទុក្ខ និងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់មនុស្សវ័យចាស់ទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើយ៉ាងណាឱ្យមនុស្សវ័យចាស់ ទទួលបាននូវភាពសុខដុមរមនា នឹងមិនបោះបង់ចោលឡើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×