Saturday, October 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាធារណជន​​មាន​ចម្ងល់​ថា តើ​ការ​ចាប់​ខ្លួន​​ពលរដ្ឋ​មាន​​ទំនាស់​ដីធ្លី​​៤នាក់​ ដាក់​ពន្ធនាគារ​ របស់​​កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសីហនុ ​តាម​បណ្តឹង ​ឧកញ៉ា ​តាន់ ​តាត់ ​និងលោក ឡុញ វណ្ណៈ ​អាច​ជា​សកម្មភាព​​ផ្គើន​​ចំពោះ​បទ​បញ្ជា ​សម្តេច ​ហ៊ុន ​សែន ​ឬ​ទេ​..?​(មានវីដេអូ)​

ខេត្តព្រះសីហនុ៖ ​សាធារណជនទូទៅ និងមន្ត្រីរាជការ​ថ្នាក់ទាប​មួយចំនួន​បង្ហាញចម្ងល់ថា តើ​ការចាប់​​ខ្លួន​ប្រជាពល​រដ្ឋក្រីក្រ​រង​គ្រោះ​លើទំនាស់​​ដីធ្លី​ចំនួន ៤នាក់​ រស់នៅ​​សហគមន៍​អូរខ្សាច់ ស្ថិត​ក្នុង​ភូមិ៤ ​ឃុំអូរត្រេះ​ ស្រុក​​ស្ទឹងហាវ​​​ របស់​​​កម្លាំង​​​កងរាជអាវុធ​​​ហត្ថ​ខេត្ត​ព្រះសីហនុ ​​​ទៅតាម​បណ្តឹង របស់​​លោក​​ឧកញ៉ា តាន់ តាត់ និង ឡុញ​ វណ្ណៈ ជាអ្នក​មានអំណាច និង​​មាន​ទ្រព្យ​​ស្តុក​ស្តម​នាខេត្តព្រះសីហនុ ​កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៨​​ តើ​អាច​ជា​​​សកម្ម​​ភាព​ប្រមាថ ឬ​​ផ្គើន​ចំពោះ​បទបញ្ជា របស់សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ឬ​យ៉ាង​ណា..?

ទាក់ទិនបញ្ហានេះ ​សម្តេច​តេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​ នាពេលកន្លងទៅថ្មីៗនេះ មាន​ប្រសាសន៍​ដាក់​គោល​ការណ៍​ និង​បទ​បញ្ជា ដល់​មន្ត្រីក្រោមឱវាទ របស់សម្តេច ​នៅតាមរាជធានី​ខេត្តនានា ឲ្យបន្ត​សម្រប​សម្រួល​ដោះ​ស្រាយ​វិវាទ​ដីធ្លី​​រវាងភាគីទំនាស់​ដោយ​សន្តិវិធី ​និងជៀស​វាង​ចាប់​ប្រជាពលរដ្ឋ ឬអ្នក​មាន​ទំនាស់​ដីធ្លី​ដាក់​ពន្ធនា​គារ​ជា​បន្ត​ទៀតទេ​។

ទោះជាបែប​នេះក្តី ងាកមកខេត្តព្រះសីហនុឯណោះវិញ គេកត់សម្គាល់ថា សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ​នៃរដ្ឋ​បាល​ខេត្តព្រះសីហនុ ពិសេសស្ថាប័ន​កងរាជ​អាវុធហត្ថខេត្តព្រះសីហនុ មិនត្រឹមមិនបានលើកយក​​​ប្រសាសន៍​ របស់ សម្តេច​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​យកមកអនុវត្តតាម​ឲ្យមាន​ប្រសិទ្ធ​ភាពទេ​ ប៉ុន្តែបែរ​ជា​បាន​ផ្គើន​បទ​បញ្ជា សម្តេច ទៅវិញ ដោយកាលពីថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨ បានបញ្ជូនកម្លាំងចុះ​ចាប់​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ៦នាក់ ដាក់ខ្នោះ បញ្ជូន​ទៅ​តុលាការ​ចោទប្រកាន់ដាក់គុកច្រវ៉ាក់ភ្លាមៗ ទៅតាមបណ្តឹង របស់ លោក តាន់ តាត់ និង​លោក ឡុញ វណ្ណៈ ដោយ​ភាគី​​ទំនាស់ខាងលើនេះ​សំអាងថា ពួកគេមាន​ប្លង់​កម្មសិទ្ធិកាន់កាប់ដីទំនាស់​ស្រប​ច្បាប់​។

ទាក់ទិនបញ្ហានេះ អ្នកយកព័ត៌មានគេហទំព័រ  www.cen.com.kh ប្រចាំខេត្តព្រះសីហនុ មិនទាន់មានប្រភពទាក់ទង លោក ហេង ប៊ុនទី មេ​បញ្ជា​ការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការចាប់ខ្លួនពលរដ្ឋមានទំនាស់ដីធ្លីដាក់ខ្នោះ បញ្ជូនទៅ​កាន់​សាលា​​ដំបូង​ខេត្តព្រះសីហនុ តាមបណ្តឹង របស់​លោក តាន់ តាត់ និងលោក ឡុញ វណ្ណៈ បានទេនៅថ្ងៃព្រហស្បតិ៍ ទី​១០ ខែឧសភា ឆ្នាំ​២០១៨។ ប៉ុន្តែកម្លាំងកងរាជអាវុធហត្ថ ដែលបានចូលរួមក្នុងសកម្មភាពចុះចាប់ខ្លួនពលរដ្ឋ នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ កាល​ពីល្ងាចថ្ងៃអាទិត្យ ទី​៦ ខែឧសភា បានឲ្យដឹងថា កម្លាំងស្ថាប័នខ្លួនបានចុះអនុវត្តស្របតាមនីតិវិធីច្បាប់ត្រឹមត្រូវ។

យ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរងគ្រោះដីធ្លី នៅសហគមន៍អូរខ្សាច់ បានស្នើដល់ ឯកឧត្តម ឱម យ៉ិន​ទៀង ប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ ពិសេសសម្តេចតេជោ ហ៊ុន សែន ជួយបញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​ស៊ើប​អង្កេតទៅ​លើប្លង់​កម្មសិទ្ធិ ដែល​ភាគី លោក តាន់ តាត់ និងលោក ឡុញ វណ្ណៈ ទទួលបានប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី នៅ​ចំណុច​ដីមាន​ទំនាស់​ជា​មួយ​​ពលរដ្ឋ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុអះអាងថា ជាដីគម្របព្រៃឈើឆ្នាំ​២០០២ គ្រប់​គ្រង​ដោយ​រដ្ឋ ឲ្យបានឆាប់ ដើម្បីរកយុត្តិធ៌ម​ជូន​ពលរដ្ឋរងគ្រោះដីធ្លី និងរកឲ្យឃើញតើភាគីណាមួយ​ជាម្ចាស់ដី ហើយបានមករស់នៅ និងអាស្រ័យ​ផល ​លើ​​កាន់កាប់ដី​ពិតប្រាកដ ស្របតាមច្បាប់ភូមិបាល របស់ព្រះ​រាជា​ណា​ចក្រកម្ពុជា។

បន្ថែមលើនេះ អ្នកស្រី លុច ទូច ពលរដ្ឋរងគ្រោះដីធ្លីម្នាក់ ស្ថិតក្នុងចំណោមពលរដ្ឋរងគ្រោះ ៤នាក់ រស់នៅភូមិ៤ ឃុំអូរ​ត្រេះ ស្រុកស្ទឹងហាវ បានលើក​ដៃ​សំពះអំពាវនាវឲ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យជួយ​អន្តរាកមន៍​មុនពេលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុន នាំខ្លួនចេញ​ពី​សាលាដំបូងខេត្តព្រះសីហនុ ទៅ​ឃុំខ្លួន​នៅពន្ធនាគារខេត្តនេះ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០១៨។

យ៉ាងនេះក្តី អ្នកយកព័ត៌មានគេហទំព័រ www.cen.com.kh ប្រចាំខេត្តព្រះសីហនុ មិនទាន់មានប្រភពទាក់ទងលោក តាន់ តាត់ និង លោក ឡុញ វណ្ណៈ ដើម្បីបំភ្លឺបន្ថែមជុំវិញ ពាក្យបណ្តឹង ដែលឈាន​ដល់កម្លាំងកង​រាជអាវុធ​ហត្ថខេត្ត​ព្រះសីហនុ ជាប់​ពលរដ្ឋមានទំនាស់ដីធ្លី រស់នៅ​ភូមិ៤ ឃុំអូរ​ត្រេះ ស្រុកស្ទឹងហាវ ដាក់ខ្នោះ​បញ្ជូន​ទៅកាន់​សាលា​ដំបូង​ខេត្តនេះ និងក្រោយមកត្រូវឃុំខ្លួនពលរដ្ឋចំនួន ៤នាក់ ដាក់ពន្ធនាគារ​បានទេ នៅថ្ងៃព្រហស្បតិ៍ ទី​១០ ខែឧសភា ឆ្នាំ​២០១៨។ ​

កាលពីល្ងាច​ថ្ងៃអាទិត្យ ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៨ ​កម្លាំងកងរាជ​អាវុធ​ហត្ថខេត្ត​ព្រះសីហនុចំនួន ​២រថយន្ត បាន​ចុះចាប់​ដាក់​ខ្នោះ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លីចំនួន ៦នាក់ នៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹង​ហាវ បញ្ជូនទៅកាន់​សាលា​ដំបូងខេត្តនេះ ​តាមបណ្តឹង ​របស់​លោក​ឧកញ៉ា តាន់ តាត់លោក ឡុញ វណ្ណៈ និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួនទៀត។ ក្រោយមក​ពលរដ្ឋក្រីក្រមានទំនាស់ដីធ្លីទាំងនោះ ត្រូវបាន​ចៅក្រមស៊ើបសួរ នៃ​​សាលា​ដំបូងខេត្ត​ព្រះសីហនុ ចេញដីកាបង្គាប់​ឲ្យឃុំខ្លួន​ពលរដ្ឋ​ចំនួន ៤នាក់​ ក្នុង​ចំណោម ៦នាក់ បញ្ជូនទៅ​ដាក់ក្នុង​ពន្ធនា​គារ​ខេត្តព្រះសីហនុ​ ជា​បណ្តោះអាសន្ន កាល​ពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០១៨ ដោយ​ចោទ​ពីបទ «​ ប្រើ​ហឹង្សា​លើអ្នកកាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត»​ ប្តឹងដោយ លោក​ តាន់ តាត់លោក ឡុញ វណ្ណៈ និង​អ្នក​ពាក់​ព័ន្ធ​ដ៏ទៃ​ទៀត។

សំណុំរឿងដីធ្លី ដែលក្រុមអ្នកឃ្លាំមើលសង្គម និងពលរដ្ឋរងគ្រោះអះអាងថា មានភាពមិនប្រក្រតី និងអយុត្តិធ៌ម សម្រាប់ពលរដ្ឋជាម្ចាស់ដីពិតប្រាកដ ប៉ុន្តែបែរជាត្រូវជាប់គុកកច្រវ៉ាក់ទៅវិញនេះ នៅចុងបញ្ចប់​នៃការសាក​សួរ​ពលរដ្ឋមានវិវាទដីធ្លីទាំង ៦នាក់ គឺត្រូវ លោក ឡូត ផារី ចៅក្រមស៊ើបសួរ នៃ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ​បាន​ចេញ​ដីកា​បង្គាប់ ឲ្យឃុំខ្លួន​ប្រជាពលរដ្ឋមានទំនាស់ដីធ្លី ចំនួន ៤នាក់ ​ក្នុងចំណោម ៦នាក់​ ​ឲ្យជាប់​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ជាបណ្តោះអាសន្ន ​​ចោទពីបទ «ប្រើហឹង្សា​លើអ្នកកាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត» ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ៤ ​ឃុំអូរត្រេះ ​ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះសីហនុ ​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា​ ឆ្នាំ​២០១៨។

ដីកា​បង្គាប់ឲ្យឃុំខ្លួន ​មានចុះ​ហត្ថ​លេខា ​និង​បោះត្រា ​លោក ឡូត ផារី ចៅក្រម​ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្ត​ព្រះសីហនុ ​ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០១៨ បានសម្រេច​៖

បញ្ជា​ជាឲ្យ​ភ្នាក់ងារមាន​សមត្ថកិច្ច ​នៃកម្លាំងសាធារណៈ​ធ្វើការនាំខ្លួន​ជនត្រូវ​ចោទ​ឈ្មោះ លុច ទូច ហៅទូច ភេទស្រី ​ ឈ្មោះ ​កៅ ហេង ​ហៅចិក ភេទប្រុស ឈ្មោះ មែន ខេន ភេទ​ប្រុស ​និង​ឈ្មោះ ​ញ៉ាញ់ ជាតិ ភេទ​ប្រុស​ មាន​អាសយ​ដ្ឋាន​នៅ​ក្រុម៤ ភូមិ៤ ​ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ ជនត្រូវ​ចោទទាំង ៤នាក់ ត្រូវ​​តុលា​ការ​បង្គាប់ ឲ្យ​នាំ​ខ្លួន​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្តព្រះសីហនុ ដោយ​អនុវត្តឲ្យ​បានត្រឹម​ត្រូវតាមនីតិវិធី​នៃ​ច្បាប់។

បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ​ទទួល​ជនត្រូវចោទ និងឃុំ​ខ្លួនជន​ត្រូវ​ចោទ​ទាំង​ ៤នាក់ ​រហូត​ដល់​មាន​ដីកា​សម្រេច​ផ្សេងពីនេះ។

បង្គាប់ឲ្យភ្នាក់ងារ​នៃកម្លាំង​សាធារណៈ​ទាំងអស់​​នៅពេល​បានឃើញ​ដីកានេះ ត្រូវសហការអនុវត្តឲ្យបានល្អ ក្នុង​ករណី​ចាំបាច់។

សូមបញ្ជាក់ថា កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះសីហនុចំនួន​២រថយន្ត កាល​ពីល្ងាច​ថ្ងៃអាទិត្យ ទី​៦ ខែឧសភា ឆ្នាំ​២០១៨ បានចុះ​ចាប់ខ្លួន ប្រជា​ពល​រដ្ឋមាន​ទំនាស់​ដីធ្លី​ចំនួន ៦នាក់ ​រស់នៅភូមិ៤ ឃុំអូរត្រេះ ​ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ​តាម​បណ្ដឹង របស់​ឧកញ៉ា តាន់ តាត់ និងលោក ឡុញ វណ្ណៈ ជាអ្នក​មាន​អំណាច និងទ្រព្យ​ធន​ដ៏ល្បី​ល្បាញ​​ ដែលអះអាងមានប្លង់កម្មសិទ្ធិស្របច្បាប់លើដីមានវិវាទខាងលើ ​បាន​​ប្តឹង​ចោទ​ពលរដ្ឋ​​​ពីបទ «ប្រើហឹង្សា​លើ​អ្នកកាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត»​

​​មន្ត្រី​សង្គមស៊ីវិល​មួយ​ចំនួន ដែល​តាម​ឃ្លាំមើល​សំណុំរឿងដីធ្លីខាងលើ សម្តែង​ការ​សោកស្តាយ និងរន្ធត់ចិត្ត​ នៅគ្រា​ ​លោក ឡូត ផារី ចៅក្រមស៊ើប​សួរ​ នៃ​សាលា​ដំបូង​ខេត្តព្រះសីហនុ បាន​សម្រេច​ចេញដីកា​បង្គាប់ឲ្យ​ឃុំខ្លួន​ពល​រដ្ឋក្រីក្រ​មាន​ទំនាស់ដីធ្លីចំនួន ៤នាក់ ក្នុងចំណោម ៦នាក់ ដាក់​ពន្ធនាគារ ​ទៅតាមបណ្តឹង របស់​ឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណៈ ជាមន្ត្រីមានអំណាច និងអ្នកមានទ្រព្យ​ស្តុកស្តម នាខេត្តព្រះសីហនុ កាលពីល្ងាច​ថ្ងៃអង្គារ៍ ទី៨ ខែឧសភា ឆ្នាំ​២០១៨។

អ្នក​ឃ្លាំមើលផែនការអភិវឌ្ឍសង្គម ប្រចាំខេត្តព្រះសីហនុ បាន​អះអាងថា សកម្មភាពចាប់ខ្លួន​ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ដោយ​ប្រើ​ច្បាប់ព្រហ្មទណ្ឌ​មក​អនុវត្ត​ ជាពិសេសប្រើទៅលើប្រជា​ពលរដ្ឋរងគ្រោះ ចំនួន ៤នាក់ រស់​នៅ​សហគមន៍​អូរ​ខ្សាច់​ ឃុំអូរត្រេះ ស្រុកស្ទឹងហាវខាងលើនេះ គឺ​បានកើតមានជាថ្មីទៀត ​ដោយ​ភាគី​អ្នក​មាន​អំណាច និងមានទ្រព្យ បាន​​ប្រើ​កងកម្លាំងប្រដាប់អាវុធ ពិសេសកម្លាំងស្ថាប័ន​កងរាជអាវុធ​ហត្ថ​ខេត្ត​ព្រះសី​ហនុ ដើម្បី​ចាប់​ចងពលរដ្ឋ​ ដែលពួកគេទាំងនោះកំពុងតស៊ូមតិ និង​ស្វែងរកដំណោះ​ស្រាយលើវិវាទ​ដីធ្លីខាង​លើ​នេះ​ ដោយ​សន្តិវិធី​តាមរយៈ​ប្រព័ន្ធ​តុលាការ​ និងតាមរយៈការសម្រប​សម្រួល​របស់​ថ្នាក់​ដឹកនាំ នៃរដ្ឋ​បាល​ខេត្ត​ព្រះសី​ហ​នុ​ ជាបន្តបន្ទាប់មកនេះ។

ការចាប់ខ្លួនពលរដ្ឋមានទំនាស់ដីធ្លី ៤នាក់ ដាក់គុកច្រវ៉ាក់ ដែលបាន​កើត​មានជាថ្មី ផ្តើមដោយបណ្តឹង របស់ លោក តាន់ តាត់ និងលោក ឡុញ វណ្ណៈ អ្នកមានអំណាច និង​​មានទ្រព្យ​ធន គឺបាន​កើតមាន​​ ​ស្របពេល​សកម្មភាព នៃ​ការ​ទិញ​លក់ដី​នៅមូលដ្ឋានខេត្តព្រះសីហនុ ​កំពុង​មាន​តម្លៃហាង​ឆេង​ខ្ពស់ ដោយ​សារ​កំណើន​អ្នក​វិនិយោគ​ទុនចិន​ បាន​ហូរ​ចូល​មក​មូល​ដ្ឋាន​នេះ​មាន​ចំនួនច្រើន​នា​​​បច្ចុប្បន្ន​នេះ​៕

 

×