ពោធិ៍សាត់ ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទចំនួន ៦ នាក់ និង បញ្ជូនខ្លួន ទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត ដើម្បីរង់ចាំចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងឃាត.កម្ម ដោយ ប្រើខ្សែកាប្លិ៍ហ្វ្រាំងគោយន្តព្រួតគ្នា ចាប់រឹ.ត.កជនរងគ្រោះម្នាក់ និងចា.ក់ស.ម្លាប់ យ៉ាងអាណោចអាធ័ម ប្រព្រឹត្តនៅចំណុចស្រែស្ដេច(ច្រេស) ក្នុងព្រៃភ្នំ ស្ថិតនៅភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២២ កន្លងទៅនេះ ។

យោងតាមរបាយការណ៍របស់ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជនត្រូវចោទ ទាំង៦នាក់ ខាងលើមាន ឈ្មោះ ៖ ទី១-ឈ្មោះ សុខ សុចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២-ឈ្មោះ ផាន សុផន ភេទប្រុស អាយុ៥៩ឆ្នាំ, ទី៣- ឈ្មោះ គល់ ធី ភេទប្រុស អាយុ៣៨ឆ្នាំ, ទី៤-ឈ្មោះ គល់ ហ៊ីង ភេទប្រុស អាយុ ៣៦ឆ្នាំ, ទី៥-ឈ្មោះ ទេស មករា អាយុ ២១ ឆ្នាំ ។ អ្នកទាំងប្រាំនាក់ ជាអ្នកចំការ និង មានទីលំនៅក្នុងភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ និង ទី៦-ឈ្មោះ ឃុត វ៉ាន់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ អ្នកចំការ មានទីលំនៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ចំណែកជនរងគ្រោះ ឈ្មោះ ហួត ហាត់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ អ្នកចំការ មានទីលំនៅភូមិ-សង្កាត់រលាប ខេត្តពោធិ៍សាត់ ។

ជនត្រូវចោទទាំង៦នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ឃាត.កម្ម តាមបញ្ញត្តិមាត្រា ១១៩ នៃ ក្រមព្រហ្មទណ្ឌ និង អាចប្រឈមនឹងការជាប់គុកពី១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពី ពិរុទ្ធភាព។
ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២២ បន្ទាប់ពីពួកគេបានព្រួតគ្នា ស.ម្លាប់ជនរងគ្រោះ ដោយសារតែរឿងគំនុំ និងខឹងនឹងជនរងគ្រោះ ដែលបានកាប់ឈើមួយដើម ដែលពួកគេបា.ញ់ថ្នាំ ដើម្បីចំណាំទុក ជាព្រុំដីចំការ រវាងពួកគេ និង ជនរងគ្រោះ នៅចំណុចស្រែស្ដេច(ច្រេស)ក្នុងព្រៃភ្នំ ស្ថិតនៅភូមិក្សេត្របុរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕ រក្សាសិទ្ធិដោយ ចន្ទា ភា