ភ្នំពេញ ៖ អាសូរណាស់ បុរស២នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បើកបុ.កពីក្រោយ រួចកិ.នពីលើអូសទៅមុខជាច្រើនម៉ែត្រ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្យោយផ្លូវជាតិលេខ៣ ចំណុចស្តុបវត្តស្លឬង ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះទីមួយ មានឈ្មោះ ភនធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិក្រចាប់ ឃុំព្រៃ ឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សពជនរងគ្រោះទី២ មានឈ្មោះ វ៉ាន់ ចាន់បូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើត នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរស២នាក់ ជិះម៉ូតូម៉ាកPCXពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1IW-3018 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុស្តុបវត្តស្លែង បានបត់ស្តាំជិះតាមបណ្តោយផ្លូវ ព្រៃសវិញ ហើយភ្លាមនោះដែរ ស្រាប់តែគេឃើញមានបុរសម្នាក់ បើករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ពណ៌ស្លែពាក់ផ្លាកលេខ ព្រះសីហនុ 5A-0911 បើកស្របទិសពីក្រោយទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន បានបត់ស្តាំទៅបុកម៉ូតូPCX ពីក្រោយពេញទំហឹង រួចកិ.នពីលើអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរស២នាក់ បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែរ សមត្ថកិច្ចក៏រត់ទៅឃាត់តៃកុងរថយន្តបង្ក បានភ្លាមៗ រួចរាយការណ៍ទៅខាងជំនាញ ឲ្យចុះមកទីតាំងកើតហេតុ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ ក្រោយមក ដោយមិនទាន់មានសាច់ញាតិ មកដល់សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅខាងរថយន្តសាមុយ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត



