ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ការដ្ឋានសាងសង់ផ្លូវអាកាសក្រវ៉ាត់ក្រុងទី៣ នៅលើផ្លូវ១២០K កែងផ្លូវជាតិលេខ៤ បានខួងគ្រឹះប៉ះធ្លាយបំពង់មេនាំទឹកស្អាតទំហំ ៨០០មម ដែលនាំឱ្យមានការលេចធ្លាយទឹកយ៉ាងខ្លាំង ហើយបានប្រកាសផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្នចាប់ពីចំណុចហ្គារ៉ាស់សាំងតូតាល់ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក-លោកស្រី មេត្តាជ្រាបថា នៅវេលាម៉ោង ១៩និង០០នាទីយប់ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ផ្លូវអាកាសក្រវ៉ាត់ក្រុងទី៣ នៅលើផ្លូវ១២០K កែងនឹងផ្លូវជាតិលេខ៤ បានបុកដែកការពាររណ្តៅប៉ះធ្លាយបំពង់មេនាំទឹកស្អាតទំហំ ៨០០មម ដែលនាំឱ្យមានការលេចធ្លាយទឹកយ៉ាងខ្លាំង។ បច្ចុប្បន្ន ក្រុមការងារជំនាញបាននឹងកំពុងធ្វើការចុះពិនិត្យ និងជួសជុលបន្ទាន់ ដោយត្រូវបិទវ៉ានផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្នចាប់ពីចំណុចហ្គារ៉ាស់សាំងតូតាល់ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



