ភ្នំពេញ ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានថ្លែងថា ភាពជោគជ័យ និង ប្រសិទ្ធភាពនៃការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥នេះ គឺអាស្រ័យលើការចូលរួម និង កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត, ស៊ីជម្រៅ និង ការទទួលខុសត្រូវ រវាងគ្រប់ភាគី ពាក់ព័ន្ធ ជាពិសេស ភាពជាដៃគូរវាង “រដ្ឋ, ឯកជន និង ប្រជាពលរដ្ឋ» ។ ក្នុងន័យនេះ, ដើម្បី បង្ហាញអំពីការគាំទ្រដ៏មោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងការជំរុញការអនុវត្តផែនការមេនេះ ឱ្យទទួលបានផ្លែផ្កាតាមការគ្រោងទុក, អគ្គបណ្ឌិតសភាចារ្យ សូមគូសរំលេចនូវអនុសាសន៍គន្លឹះមួយចំនួន៤ចំណុច។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ថ្លែងក្នុង ពិធីផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» តាមប្រព័ន្ធវីដេអូ, ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២។
នៅក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ, វិបត្តិនៃជំងឺកូវីដ-១៩ បានកែប្រែ និង ផ្លាស់ប្ដូរ ស្ទើរតែទាំងស្រុង នូវរចនាសម្ព័ន្ធវិស័យទេសចរណ៍, ទាំងនៅក្នុងតំបន់ និង នៅលើពិភព លោក ។ ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់នាពេល នេះក៏ដោយ, ក៏យើងសង្កេតឃើញថា នៅមានប្រទេសជាច្រើនកំពុងបន្តដាក់ចេញ និង អនុវត្ត នូវវិធានការសុខាភិបាលតឹងរឹង និង វិធានការរដ្ឋបាលនានា ដែលបានបង្កនូវការរាំងស្ទះដល់ ការស្តារ និង ការងើបឡើងវិញនៃវិស័យទេសចរណ៍ ។ ការណ៍នេះបណ្ដាលឱ្យនិន្នាការទេស ចរណ៍សកល បន្តដំណើរនៅលើគន្លងមួយ ពិបាកប៉ាន់ស្មាន ។ ចំពោះកម្ពុជា, រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំ និង បានចាត់វិធានការចាំបាច់នានា ក្នុងស្មារតីបុរេសកម្ម សំដៅ រក្សាឱ្យបាននូវដង្ហើមនៃវិស័យទេសចរណ៍ ។ ជាក់ស្ដែង, កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២, កម្ពុជាបានសម្រេចលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់ សម្រាប់អ្នកដំណើរបរទេសដែល បានចាក់វ៉ាក់សាំងពេញលេញ ដែលនេះជាសញ្ញាដ៏ច្បាស់លាស់ ដែលបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់កម្ពុជានៅក្នុងការបើកប្រទេស និង វិស័យទេសចរណ៍ពេញលេញឡើងវិញ ដើម្បីស្តារ និង ជំរុញកំណើននៃសកម្មភាពសង្គម-សេដ្ឋកិច្ច ។

ស្របគ្នាទៅនឹងឆន្ទៈដ៏មោះមុតនេះ, រាជរដ្ឋាភិបាលក៏បានប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាកាលានុវត្តភាព សម្រាប់ការស្តារ និង ការកែលម្អរចនាសម្ព័ន្ធចាំបាច់នានា សំដៅគាំទ ដល់កិច្ចដំណើរឡើងវិញនៃវិស័យទេសចរណ៍ ។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានដាក់ចេញនូវ របៀបវារៈនៃការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មានជាអាទិ៍៖ ការសាងសង់ហេដ្ឋារចនា សម្ព័ន្ធនៅខេត្តព្រះសីហនុ និង ខេត្តសៀមរាប និង ការបញ្ចប់ការសាងសង់ផ្លូវជាតិលេខ ៣ និង កំណាត់ខ្លះនៃផ្លូវជាតិលេខ ៧ ជាដើម ។ រាជរដ្ឋាភិបាលក៏បានអនុម័តដាក់ឱ្យអនុវត្តនូវ ឯកសារយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលរួមមាន ជាអាទិ៍៖ ១. ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិនៃជំងឺកូវីដ-១៩; និង ២. វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ ២០២១-២០២៣ ។ ក្នុងក្របខណ្ឌថ្នាក់ខេត្ត, រាជរដ្ឋាភិបាលបានអនុម័ត និង ដាក់ឱ្យអនុវត្តជាផ្លូវការ នូវ ១. ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ និង ២. ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ដែលយើងកំពុងប រព្ធពិធីផ្សព្វផ្សាយជាផ្លូវការនាពេលនេះ ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលគ្រោងនឹងអនុម័ត និង ដាក់ឱ្យអនុវត្តជាផ្លូវការ នូវផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០២២-២០៣៥ នាពេលឆាប់ៗខាងមុខនេះ ។
ភាពធន់នៃសក្តានុពលទេសចរណ៍របស់ខេត្តមណ្ឌលគិរី តាមរយៈរំហូរទេសចរណ៍ក្នុង ស្រុក នៅក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីដ-១៩ គឺជាតថភាពមួយដែលសបញ្ជាក់អំពីឧត្តមានុ ភាពរបស់ខេត្តមណ្ឌលគិរី នៅក្នុងការផ្សារភ្ជាប់ជាមួយប៉ូលទេសចរណ៍ដទៃទៀត ដូចជា រាជ ធានីភ្នំពេញ, ខេត្តសៀមរាប និង ខេត្តព្រះសីហនុ ។ ក្នុងន័យនេះ, ការរៀបចំ និង ការដាក់ចេញ នូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥» នេះ នឹងអនុញ្ញាត ឱ្យខេត្តមណ្ឌលគិរី ក្លាយជាគោលដៅនៃការធ្វើពិពិធកម្មទេសចរណ៍របស់កម្ពុជា ជា ប្រភេទអេកូទេសចរណ៍, ទេសចរណ៍ធម្មជាតិ និង កសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិ ដើមភាគតិច ដែលនឹងចូលរួមចំណែកធ្វើឱ្យភូមិភាគឦសាន, ដោយមានខេត្តមណ្ឌលគិរីជា ស្នូល ក្លាយជាប៉ូលសេដ្ឋកិច្ចទី ៤ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហា សេនាបតី-តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការ កំណត់តំបន់អាទិភាពសំខាន់ៗ ដែលត្រូវរក្សាទុកសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុង ផែនការមេនេះ នឹងជំរុញឱ្យខេត្តមណ្ឌលគិរីប្រើប្រាស់ឱ្យអស់លទ្ធភាព នូវសក្តានុពលដ៏សំបូរ បែបរបស់ខ្លួន តាមរយៈការអភិរក្សវិស័យទេសចរណ៍បែបធម្មជាតិ និង វប្បធម៌ជនជាតិដើម ភាគតិច និង ការ-ផ្សារភ្ជាប់ជាមួយនឹងពហុវិស័យដទៃទៀត ។ ខេត្តមណ្ឌលគិរីក៏មានសក្តានុ ពលដ៏ធំធេងផងដែរ ក្នុងវិស័យកសិកម្ម ជាពិសេស ការអភិវឌ្ឍកសិដ្ឋានផ្កា, បន្លែ, ផ្លែឈើ និង ដំណាំកសិ-ឧស្សាហកម្មនានា ដូចជាដំណាំកាហ្វេ ជាដើម ។
ភាពជោគជ័យ និង ប្រសិទ្ធភាពនៃការអនុវត្តផែនការមេនេះ គឺអាស្រ័យលើការចូលរួម និង កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត, ស៊ីជម្រៅ និង ការទទួលខុសត្រូវ រវាងគ្រប់ភាគី ពាក់ព័ន្ធ ជាពិសេស ភាពជាដៃគូរវាង “រដ្ឋ, ឯកជន និង ប្រជាពលរដ្ឋ» ។ ក្នុងន័យនេះ, ដើម្បី បង្ហាញអំពីការគាំទ្រដ៏មោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងការជំរុញការអនុវត្តផែនការមេនេះ ឱ្យទទួលបានផ្លែផ្កាតាមការគ្រោងទុក, ខ្ញុំសូមគូសរំលេចនូវអនុសាសន៍គន្លឹះមួយចំនួន ដូច ខាងក្រោម៖
ទី១. ការចូលរួមសហការជាមួយក្រសួងទេសចរណ៍ ពីសំណាក់ក្រសួង-ស្ថាប័នទាំងអស់ នៅក្នុងការអនុវត្តផែនការមេនេះ គឺជាកិច្ចការចាំបាច់បំផុតដែលមិនអាចខ្វះបាន ។ ក្នុងន័យនេះ, ខ្ញុំសូមស្នើឱ្យគ្រប់បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ សិក្សា និង ដាក់បញ្ចូលផែនការ សកម្មភាព ដែលត្រូវបានកំណត់ក្នុងផែនការមេនេះ ទៅក្នុងផែនការសកម្មភាពរបស់ក្រសួង ស្ថាប័នរបស់ខ្លួន ឱ្យសមស្របតាមក្របខណ្ឌពេលវេលា ដោយឈរលើស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ។
ទី២. គណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដែលជាយន្តការស្ថាប័នដ៏ចម្បង, បង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំការអនុវត្ត ផែនការមេនេះ, ត្រូវរៀបចំរចនាសម្ព័ន្ធ និង លេខាធិការដ្ឋានឱ្យបានច្បាស់លាស់ ដើម្បី ដឹកនាំការងារនេះឱ្យបានខ្ជាប់ខ្ជួន និង ជាប់ជាប្រចាំ ហើយត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាព ការងារជូនរាជរដ្ឋាភិបាលជារៀងរាល់ឆ្នាំ ។ យើងនឹងប្រជុំបូកសរុបរៀងរាល់មួយឆ្នាំម្ដង ក្នុង ក្របខណ្ឌនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្ត ផែនការមេនេះ និង ដាក់ចេញនូវវិធានការកែតម្រូវនានា ទៅតាមការចាំបាច់ ។
ទី៣. ខ្ញុំមានសុទិដ្ឋិនិយមថា ការដាក់ចេញនូវផែនការមេនេះ នឹងបើកទ្វារឱ្យខេត្តមណ្ឌលគិរី ស្រូបយកនូវរំហូរវិនិយោគ និង ការអភិវឌ្ឍក្នុងកម្រិតមួយ ដែលមិនធ្លាប់មានកន្លងមក ។ ខ្ញុំ សង្ឃឹមថា រំហូរវិនិយោគ និង ការអភិវឌ្ឍនេះ នឹងមានតុល្យភាពជាមួយនឹងការអភិរក្សអត្តសញ្ញាណដើមរបស់ខេត្ត ដែលត្រូវបានទទួលស្គាល់ថា ជាខេត្តទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិចដ៏ពិសិដ្ឋ ។ ក្នុងន័យនេះ, ក្នុងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមស្នើរដ្ឋបាល ខេត្តមណ្ឌលគិរី បន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឱ្យបានម៉ត់ចត់ ក្នុងការការថែរក្សា ធនធានធម្មជាតិ និង ទប់ស្កាត់បញ្ហាអវិជ្ជមាននានា ។
ទី៤. ខ្ញុំស្នើឱ្យស្ថាប័នដែលជាដៃគូអភិវឌ្ឍន៍ និង ភ្នាក់ងារផ្តល់ជំនួយនានា ពិចារណាអំពី លទ្ធភាពនៃការចូលរួមអនុវត្តគម្រោង ឬ សកម្មភាពនានា ដែលត្រូវបានកំណត់នៅក្នុងផែនការ មេនេះ ។ ជាមួយគ្នានេះផងដែរ, ខ្ញុំស្នើឱ្យវិស័យឯកជន និង ប្រជាពលរដ្ឋទាំងអស់ ចូលរួម សហការជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឱ្យបាន ជោគជ័យ តាមការកំណត់នៅក្នុងផែនការមេនេះ ។ ខ្ញុំក៏សូមអំពាវនាវឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិទាំងអស់ អនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះ បរិស្ថាន, ធនធានធម្មជាតិ និង បេតិកភ័ណ្ឌវប្បធម៌នៅក្នុងខេត្តមណ្ឌលគិរីនេះ ដើម្បីឱ្យធនធាន នៃវិស័យទេសចរណ៍ទាំងនេះ ស្ថិតស្ថេរប្រកបដោយចីរភាព ។
ជាថ្មីម្ដងទៀត, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សូមថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ និង គណៈកម្មការ អន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ក្នុងការសម្រេចបាននូវឯកសារបង្ហាញផ្លូវដ៏មានសារៈសំខាន់នេះ ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានសង្ឃឹមយ៉ាងមុតមាំថា ផែនការមេដែលមានលក្ខណៈសមាហរណកម្ម និង គ្រប់ជ្រុងជ្រោយនេះ នឹងចូលរួមសម្រេច ឱ្យបាននូវមហិច្ឆតាអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍លំដាប់ ពិភពលោក ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋមូលដ្ឋានទូទាំងខេត្ត និង ចូលរួមធានាឱ្យបាន នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ប្រកបដោយចីរភាព និង បរិយាប័ន្ន ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





