Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី ៖ ប្រជាការពារ ចំពោះការខិតខំថែរក្សាសុខដុមរមណីយកម្មសង្គម ថែរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងរក្សាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ កម្លាំងប្រជាការពារបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដោយមិនបានគិតថា ពេលយប់ឬពេលថ្ងៃឡើយ គឺមានគោលដៅតែមួយគត់ នោះគឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

នេះគឺជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា មណ្ឌលកំពង់ស្ពឺ និងជាប្រធានជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោកពុកនិងម៉ែ (សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ) ចុះសួរសុខទុក្ខនិងចែកអំណោយ ដល់កងកម្លាំងសន្តិសុខរបស់រាជធានីភ្នំពេញ ចំនួនជាង៧០០នាក់ នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ប្រជាការពារនៅរាជធានីភ្នំពេញ បានលះបង់នូវកម្លាំងកាយ កម្លាំងចិត្តមិនថា យប់ ថ្ងៃ ក្តៅរងាឬមានភ្លៀង ធ្លាក់នោះទេ ពួកគាត់តែងបំពេញការងារមិនខ្លាចនឿយហត់ឡើយ ក្នុងគោលបំណងតែមួយគត់ គឺរក្សាឲ្យបាន នូវសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ នៅក្នុងរាជធានីភ្នំពេញ ពិសេសគឺរក្សាឲ្យបាន ភូមិ ឃុំ មានសុវត្ថិភាព ។

ឯកឧត្តម បានបញ្ជាក់ផងដែរថា ប្រជាការពារការ សម្រាប់ថ្នាក់ដឹកនាំ ពិតជាបានដឹង និងនៅជាមួយបងប្អូនប្រជាការពារជានិច្ច ដើម្បីរួមគ្នាជាធ្លុងមួយក្នុងទិសដៅតែមួយគត់ គឺរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។

“សូមអរគុណ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ រួមទាំងបងប្អូនដែលជាប្រជាការពារ ចំពោះការខិតខំថែរក្សាសុខដុមរមណីយកម្មសង្គម ថែរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងរក្សាបាននូវសេចក្តីសុខជូនប្រជាពលរដ្ឋ ដែលនេះគឺជាការចូលរួមមួយដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការគ្រប់គ្រងស្ថិរភាពសង្គម ដើម្បីប្រទេសជាតិដើរឆ្ពោះទៅមុខប្រកបដោយថាមពល និងវិបុលភាព។ សូមអរគុណចំពោះ ការលះបង់ ការបំពេញភារកិច្ច និងការអនុវត្តតាមការបទបញ្ជា បានយ៉ាងហ្មត់ចត់ និងម៉ឹងម៉ាត់បំផុត នៅគ្រប់ស្ថានការណ៍ និងគ្រប់កាលៈទេសៈដែលជាតម្រូវការ”។

“សូមអាជ្ញាធរ បងប្អូនកងកម្លាំង និងប្រជាការពារទាំងអស់ មានភាពកក់ក្តៅក្នុងការបំពេញភារកិច្ច ជាបន្តបន្ទាប់ ព្រោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចគតិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ យកចិត្តទុកដាក់ ហើយនៅជាមួយបងប្អូន កងកម្លាំង និងប្រជាការពារគ្រប់ៗគ្នា និងគ្រប់ពេលវេលា។ ជាក់ស្តែង ខ្ញុំមានវត្តមាននៅថ្ងៃនេះជាតំណាងជូនលោកទាំងពីរ ដើម្បីនាំយកនូវការសួរសុខទុក និងការយកចិត្តទុកដាក់មិនថាតែក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែប៉ុណ្ណោះទេ តែជាការខ្វល់ខ្វាយលើសុខទុក្ខបងប្អូន គ្រប់ពេលវេលា”។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងផងដែរថា សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនប្រជាការពារ មន្ត្រីនិងកងកម្លាំងប្រដាប់អាវុធជានិច្ច នេះជាការបង្ហាញឲ្យឃើញអំពីមនោសញ្ជេតនាស្រឡាញ់រាប់អាន ការផ្ដល់តម្លៃនិងការគិតគូរជាប្រចាំសម្រាប់មន្ត្រីក្រោមឱវាទពិសេស គឺបងប្អូនប្រជាការពារនៅរាជធានីភ្នំពេញ។

ឯកឧត្តម បន្តថា ចលនាប្រជាការពារគឺជាកម្លាំងស្ម័គ្រចិត្ត ដើម្បីរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ។ កម្លាំងប្រជាការពារជាជំនួយការការងារយ៉ាងសំខាន់ របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ទៅលើការងារមួយចំនួនដូចជា ការងារសម្រួលចរាចរណ៍ ការសំអាតអនាម័យបរិស្ថាន ជាមួយនឹងការងារសង្គ្រោះបឋមផងដែរ ។
បន្ថែមពីលើនេះទៀត ប្រជាការពារ ក៏ជាអ្នកប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តមអភិបាលបន្ថែមទៀតថា សកម្មភាពខាងលើរបស់ឯកឧត្តមហ៊ុន ម៉ានី នេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រទៅលើកម្លាំងប្រជាការពារទាំងអស់ នៅរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាការពារខាងលើនេះ មានចំនួន៧៣៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ក មី ត្រីខ ទឹកស៊ីអ៊ីវ និងថវិកា៨ម៉ឺនរៀល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×