Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ថា សេដ្ឋកិច្ចកម្ពុជា អាចមានកំណើនក្នុងអត្រា ៤.៨% ខណ:ការវាយតម្លៃរបស់អន្តរជាតិ ប្រហាក់ប្រហែលគ្នា និងលើសតិចតួច

ភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ខិតជិតមកដល់ គឺសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាននៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២២ សម្ដេច បានអបអរ និងជូនពរដល់ជនរួមជាតិ និងក៏បានថ្លែងអំពីសេដ្ឋកិច្ចកម្ពុជាផងដែរថា ក្នុងឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចកម្ពុជា មានកំណើនប្រមាណ ២.៤% ហើយសម្រាប់ឆ្នាំ២០២២នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា អាចមានកំណើនក្នុងអត្រា ៤.៨% ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២១កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាល ឆ្នាំ២០២២នេះ កម្ពុជាក៏ដូចបណ្តាប្រទេសនៅលើពិភពលោកផងដែរ បាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ ដល់កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ។

ស្របពេលជួបវិបត្តិកូវីដ-១៩នេះ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួម ប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឲ្យសេដ្ឋកិច្ច មានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច កាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។ ដូច្នេះ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ នេះ អាចមានកំណើនក្នុងអត្រា៤.៨% ។

ទំហំពាណិជ្ជកម្មអន្តរជាតិ មានប្រមាណជាង ៤៥ ៥៧៦លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានប្រមាណជាង ១៧,៦៨២លាន ដុល្លារអាមេរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណា ស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបានទុនបម្រុងអន្តរជាតិ បន្តកើនឡើង ដល់ ២១,៦ប៊ីលានដុល្លារ អាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ កើនឡើងពី ១,៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដល់ប្រមាណ ១,៧៣០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។

ជាការខំប្រឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះឡើងវិញ រាជរដ្ឋាភិបាល បានប្រកាសពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការកែទម្រង់ ឲ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់វិនិយោគិន ឲ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែង ជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយមិនមានការរើសអើង។ ទន្ទឹមនេះ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលថ្មីៗនេះ នឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគ ឲ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន ដល់ពាណិជ្ជករ និងវិនិយោគិន។

ទាក់ទងនឹងការស្ទុះឡើងនៃសេដ្ឋកិច្ចកម្ពុជាទៀតសោត នៅឆ្នាំ២០២២នេះ ក៏ដូចជាឆ្នាំក្រោយៗទៀត ស្ថាប័នអន្តរជាតិសុទ្ធតែវាយតម្លៃពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដូចជា ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤.៥ភាគរយនៅឆ្នាំ២០២២នេះ, ហើយកើនដល់ ៥.៨ភាគរយ នៅឆ្នាំ២០២៣ និងកើនឡើងដល់ ៦.៦ភាគរយនៅឆ្នាំ២០២៤។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥.៣ភាគរយនៅឆ្នាំ២០២២ និង៦.៥ភាគរយ នៅឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×