Monday, June 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ!! កីឡាការិនីកូនកាត់ ខ្មែរ-អាមេរិក Jessa Khan ឈ្នះមេដាយមាសពីជើងឯក Pan

ភ្នំពេញ ៖ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា-អាមេរិក Jessa Khan បានឈ្នះមេដាយមាសសំខាន់លើកដំបូង ក្នុងក្របខណ្ឌខ្សែក្រវាត់ខ្មៅនៃការប្រកួតជើងឯក Pan Jiu-Jitsu Championship ឆ្នាំ២០២២។

លោក Peter Khan មានកំណើតនៅរាជធានីភ្នំពេញជាឪពុករបស់ Jessa Khan បានប្រាប់ថា កូនស្រីរបស់លោកបានប្រកួតពីរដង ក្នុងចំណោមបេក្ខនារីមកពីជុំវិញពិភពលោកជាង៤៦០០នាក់ សម្រាប់ការប្រកួតជើងឯក 2022 Pan Jiu-Jitsu Championship ដែលរៀបចំឡើងដោយសហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិនៅរដ្ឋហ្លរីដា ចាប់ពីថ្ងៃទី៦ដល់ទី១០ ខែមេសា ឆ្នាំ២០២២។ ជើងឯក Pan Jiu-Jitsu Championship គឺជាព្រឹត្តិការណ៍ប្រកួតជើងឯកជឺជីតស៊ូធំបំផុតនៅអាមេរិកខាងជើង។

លោក Peter បានបន្តថា Jessa Khan បានឈ្នះមេដាយមាស ក្នុងទម្ងន់ ៥៣.៥គីឡូក្រាម បន្ទាប់ពីប្រកួតឈ្នះកីឡាការិនីប្រេស៊ីល Thamires Aquino ដែលទទួលបានមេដាយប្រាក់នៅវគ្គផ្តាច់ព្រ័ត្រ ខណៈមេដាយសំរឹទ្ធបានទៅកីឡាការិនីប្រេស៊ីល Andreza Morais និងមេដាយសំរឹទ្ធផ្ទួនបានទៅកីឡាការិនីអាមេរិក Sofia Amarante។

«យើងខ្ញុំលើសពីមោទកភាពដែល Jessa Khan បានឈ្នះជើងឯកលើកដំបូងក្នុងការប្រកួតជើងឯក Pen។ ការខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងរបស់នាងទទួលបានផល។ យើងខ្ញុំដឹងថា អ្នកអាចធ្វើបាន។ Jessa ពិតជាមានមោទកភាពណាស់! ខ្ញុំស្រឡាញ់អ្នកគ្រប់បែបយ៉ាង»។ លោក Peter Khan បាននិយាយ។

លោកឪពុកជាជនខ្មែររូបនេះបានបញ្ជាក់ថា នេះជាការប្រកួតចុងក្រោយរបស់ Jessa Khan មុនពេលធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីចូលរួមជាមួយក្រុមជម្រើសទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

ពាក់ព័ន្ធនឹងការចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម លោក Peter Khan បានឲ្យដឹងថា ៖«ខ្ញុំគិតថា កូនស្រីរបស់ខ្ញុំនឹងធ្វើបានល្អ។ យើងខ្ញុំសង្ឃឹមថា Jessa នាំមកនូវមេដាយជូនជាតិកម្ពុជាទៀត»។

លោក Peter Khan បានបញ្ជាក់ថា តាមការគ្រោងទុក លោក និង Jessa ព្រមទាំងម្តាយរបស់លោកដែលជាយាយរបស់ Jessa នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជានាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

សូមរម្លឹកថា កីឡាការិនីវ័យក្មេង Jessa Khan បានបង្កើតប្រវត្តិឲ្យកម្ពុជាក្នុងការឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងបានឈ្នះមេដាយមាសពីកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

Jessa Khan កើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០១ នៅតំបន់ Corpus Christi រដ្ឋតិចសាស សហរដ្ឋអាមេរិក។ នាងជាកូនទី២ក្នុងចំណោមបងប្អូន៦នាក់ដែលមានឪពុកឈ្មោះ Peter El Khan ដែលជនជាតិខ្មែរកើតនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា និងម្តាយឈ្មោះ April Marie Khan ជនជាតិម៉ិកស៊ិក-អេស្ប៉ាញ។

Jessa Khan បានចាប់ហ្វឹកហាត់នៅឆ្នាំ២០១០ដែលតាំងពីនាងអាយុ៨ឆ្នាំមកម្ល៉េះ។ បន្ទាប់ពីហ្វឹកហាត់ច្រើនឆ្នាំមក នាងក៏បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តំបន់ អាមេរិក អឺរ៉ុប និងពិភពលោកជាច្រើនរហូតដល់បច្ចុប្បន្ន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×