ភ្នំពេញ ៖ ថ្ងៃនេះ ក្រុមហ៊ុន DuckDuckGo បានប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បង កម្មវិធីសម្រាប់ចូលប្រើគេហទំព័រ ដោយសង្កត់ធ្ងន់លើ មុខងារការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ដោយមិនចាំបាច់ទាមទារ ឱ្យអ្នកប្រើប្រាស់មានការយល់ដឹងច្រើន ក្នុងការផ្លាស់ប្ដូរការកំណត់ផ្សេងៗនៅក្នុង settings ដូចមាននៅក្នុងកម្មវិធីដទៃទៀត និងមានល្បឿនលឿន។ នេះបើតាមការផ្សាយ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
ក្រុមហ៊ុនបានបញ្ជាក់ដែរថា កម្មវិធីនេះក៏មានភ្ជាប់មកជាមួយនូវមុខងារ Email Protection ដែលអាចលុបចោល tracking pixels មុននឹងបញ្ជូនអ៊ីមែលណាមួយ ទៅឱ្យអ្នកប្រើប្រាស់។ Tracking pixels គឺជារូបភាពដ៏តូចមួយដែលក្រុមហ៊ុន លួចបង្កប់ជាមួយនឹងអ៊ីមែលដែលពួកគេបានផ្ញើ ដើម្បីលួចតាមដានអ្នកប្រើប្រាស់។ នៅពេលដែលលោកអ្នកបើកអ៊ីមែល ពួកគេអាចដឹង ពីពេលវេលាដែលលោកអ្នកបើកអ៊ីមែល ឧបករណ៍ដែលកំពុងប្រើប្រាស់ និងជាងនេះទៅទៀតពួកគេ ក៏អាចដឹងអំពីទីតាំងដែលលោកអ្នកបានបើកអ៊ីមែលនោះផងដែរ។

DuckDuckGo គឺជាក្រុមហ៊ុនមួយដែលអ្នកប្រើប្រាស់កុំព្យូទ័រ ជាច្រើនបានស្គាល់តាមរយៈកម្មវិធីស្វែងរក DuckDuckGo (search engine)។ កម្មវិធីស្វែងរកនេះកាន់ តែមានប្រជាប្រិយភាពមួយរយៈពេលចុងក្រោយនេះ ដោយសារតែអ្នកប្រើប្រាស់កាន់តែច្រើន មានការព្រួយបារម្ភពីការទាញយកព័ត៌មានឯកជនភាពរបស់ពួកគេ ដែលមានជាមួយនឹងកម្មវិធីស្វែងរកដទៃទៀត។
ដោយសារតែកម្មវិធីនេះកំពុងត្រូវបាន ដាក់ឱ្យប្រើប្រាស់សាកល្បង ដូច្នេះប្រសិនបើលោកអ្នកចង់ប្រើកម្មវិធីនេះ លោកអ្នកត្រូវចុះឈ្មោះរង់ចាំ តាមរយៈគេហទំព័ររបស់ក្រុមហ៊ុនជាមុនសិន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី