ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម ម៉ិញជីង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងនូវក្តី សោមនស្សរីករាយ អំពីដំណើរវិវត្ដន៍ជាវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិ ការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងរយៈពេលកន្លងមក ជាពិសេសទោះបីមានផលប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ក្ដី ក៏ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២១ មានទំហំជាង៩កោដ ដុល្លារអាម៉េរិក កើនឡើងប្រមាណ ៨០ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២០ និងបន្តរក្សាបាននូវសន្ទុះកំណើន ជាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ ២០២២ ហើយសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តឈរលំដាប់ទី១ ក្នុងចំណោមប្រទេសអាស៊ាន ចំពោះការវិនិយោគដោយផ្ទាល់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសចេញ ផ្សាយថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នៅរសៀលថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ផាម ម៉ិញជីង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទូរស័ព្ទជូនពរ បវរមហា ប្រសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។ ឯកឧត្ដម ផាម មីញជីង ក៏បានពាំនាំនូវសារជូនពរបស់ ឯកឧត្តមអគ្គលេខាធិការបក្ស ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម ទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំង បានផ្តាំផ្ញើជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រជាជនកម្ពុជាជាបងប្អូន។
ឯកឧត្តម មីញជីង បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលកម្ពុជា សម្រេច បាន ក្នុងរយៈពេលកន្លងមក និងបានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំដ៏ភ្លឺស្វាង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមម្លប់របស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជា កាន់តែអភិវឌ្ឍ ចម្រុងចម្រើនថែមទៀត និងសម្រេចបានដោយជោគជ័យ ក្នុងការដឹកនាំ ប្រទេស ការដឹកនាំប្រជុំអន្តរជាតិ សំខាន់ៗក្នុងឆ្នាំ ២០២២ ក្នុងនោះរួមមាន ការត្រៀមរៀបចំ ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការទទួលដឹកនាំបាន ល្អក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ផាម ប៊ិញជីង បានសម្តែងនូវក្តី សោមនស្សរីករាយ អំពីដំណើរវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងរយៈពេលកន្លងមក ជាពិសេសទោះបីមានផល ប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ក្តី ក៏ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២១ មាន ទំហំជាង៩កោដដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ៨០ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២០ និងបន្តរក្សាបាននូវសន្ទុះកំណើនជាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ ២០២២។ សាធារណៈសង្គមនិយម វៀតណាម បន្តឈរលំដាប់ទី១ ក្នុងចំណោប្រទេសអាស៊ាន ចំពោះការវិនិយោគដោយផ្ទាល់ ក្នុង ព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

