ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ផាម មីញជីង នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ ការថែរក្សា និងការពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តជិតខាងល្អជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ កម្ពុជា-វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក្នុងសភាពការណ៍បច្ចុប្បន្ន ពិសេសក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ ឆ្នាំ នៃការតភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក៏ដូចជា ខួបអនុស្សារីយ៍លើកទី ៤៥ ឆ្នាំ នៃដំណើរស្វែងរកមាគ៌ាសង្គ្រោះជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរហូតដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ដើម្បីផ្ដួលរំលំរបបប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ផាម មីញជីង បានថ្លែងបែបនេះ នៅក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ផាម មីញជីង បាន ឯកភាពគ្នានូវភាពចាំបាច់ត្រូវបន្តពង្រឹងនូវជំនឿទុកចិត្តខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នូវ ជំងឺរាតត្បាតសកលកូរីដ-១៩- តាមគន្លងនៃប្រក្រតីភាពថ្មី ដើម្បីជំរុញការស្ដារសដ្ឋកិច្ចសង្គម បន្តសហការកសាង ខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងនូវក្តីសោមនស្ស រីករាយអំពីដំណើរវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងរយៈពេលកន្លងមក ជាពិសេសទោះបីមានផលប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ក្ដី ក៏ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ ២០២១. មានទំហំជាង ៩.កោដិដុល្លារសហរដ្ឋអាមេរិក កើនឡើង ប្រមាណ ៨០ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២០ និងបន្តរក្សាបាននូវសន្ទុះកំណើនជាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ ២០២២។ សាធារណៈសង្គមនិយមវៀតណាម បន្តឈរលំដាប់ទី១ ក្នុងចំណោប្រទេសអាស៊ាន ចំពោះការវិនិយោគ ដោយផ្ទាល់ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
ជាថ្មីម្តងទៀត ឯកឧត្តម ផាម មីញជីង បានអះអាងថា វៀតណាមគាំទ្រកម្ពុជាយ៉ាងពេញលេញចំពោះការ បំពេញតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានប្រកបដោយជោគជ័យក្នុងឆ្នាំ ២០២២។

ឯកឧត្តម ផាម មីញជីង ក៏បានពាំនាំនូវសារជូនពរបស់ ឯកឧត្តម អគ្គរលេខាធិការបក្ស ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម ទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងបានផ្តាំផ្ញើជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រជាជនកម្ពុជាជាបងប្អូន។
ឯកឧត្តម ជាម មីញជីង បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលកម្ពុជាសម្រេចបានក្នុងរយៈពេល កន្លងមក និងបានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមម្លប់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា កម្ពុជាកាន់តែអភិវឌ្ឍចំរុងចំរើនថែមទៀត និងសម្រេចបានដោយជោគជ័យក្នុងការដឹកនាំប្រទេស ការ ដឹកនាំប្រជុំអន្តរជាតិសំខាន់ៗក្នុងឆ្នាំ ២០២២ ក្នុងនោះរួមមានការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២២ និងការទទួលដឹកនាំបានល្អក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ ឯកឧត្តម ផាម មីញជើង ដែលបានជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម ជូនពរឆ្នាំថ្មីដ៏ មានអត្ថន័យ ដល់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា និងបានអបអរសាទរនូវរាល់លទ្ធផលជាវិជ្ជមាន ដែលសាធារ ណៈសង្គមនិយមវៀតណាម សម្រេចបានក្នុងការគ្រប់គ្រងជំងឺរាតត្បាតសកលភូវីដ-១៩ ការងារសេដ្ឋកិច្ចសង្គម និងការបើកប្រទេសឡើងវិញគ្រប់ជ្រុងជ្រោយ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជឿជាក់ថា រដ្ឋាភិ បាល និងប្រជាជនវៀតណាម នឹងបន្តដណ្តើមបានសមិទ្ធផលធំៗថ្មីៗថែមទៀត តាមគន្លងនៃប្រក្រតីភាពថ្មី និងសមាហរណកម្មប្រទេសជាតិទៅក្នុងតំបន់ និងពិភពលោក៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

