ភ្នំពេញ ៖ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ពិសេសលើវិស័យព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកាជំរុញនូវទំនាក់ទំនងល្អនៃប្រទេសទាំងពីរ ហើយសង្ឃឹមថា ប្រទេសកម្ពុជា នឹងឈ្វេងយល់ពីច្បាស់ពីព័ត៌មានសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីជៀសវាងកុំឲ្យយកតាមការបំពុល របស់លោកខាងលិច។ ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរ និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី បានជម្រាបពីមូលហេតុ ដែលនាំឲ្យមានសង្គ្រាម នៅប្រទេសរុស្ស៊ី ដោយសារកន្លងមកអង្គការណាតូ ដែលចេះតែបានជំរុញខិតមកជិតព្រំដែននៃប្រទេសរុស្ស៊ី ហើយរុស្ស៊ី បានសំណូមពរកុំឲ្យមាន វត្តមានអង្គការណាតូ នៅក្នុងប្រទេសអ៊ុយក្រែន ដោយបារម្ភ មានការដាក់ពង្រាយម៊ីសីល នៅជិតព្រំដែនហើយអាចបា.ញ់ចូលមកដល់ទីក្រុងម៉ូស្គូ បានត្រឹមតែ ៣ នាទីប៉ុណ្ណោះ សូម្បីប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ក៏មិនមានលទ្ធភាពទប់បានដែរ។
ដូច្នេះហើយបានជារុស្ស៊ី ស្នើដល់ប្រទសអ៊ុយក្រែន កុំចូលបក្សសម្ព័ន្ធ នៅអព្យាក្រឹត្យ ហើយក៏សំណូមពរ ដោយសារមានរំលោភបំពានជាញឹកញ៉ាប់ ពីក្រុមជ្រុលនិយមអ៊ុយក្រែន មកលើប្រជាជនរុស្ស៊ី នៅក្នុងតំបន់គ្រីមេ និងតំបន់ដុងបាស់ ដែលបានធ្វើឲ្យអ្នករស់នៅទីនោះ ងើបឡើងទាមទាររកស្វ័យភាពរបស់ខ្លួន ។ តាមរយៈការចរចាជាបន្តបន្ទាប់ច្រើនដង មិនបានលទ្ធផល ទើបរុស្ស៊ី បង្ខំចិត្តបើកប្រតិបត្តិការផ្នែកយោធា ដើម្បីកម្ចាត់ឧបសគ្គដែល គំរាមកំហែង ប្រទេសរុស្ស៊ី ។ ក្រោយពីមានសង្រ្គាមកើតឡើងនេះ ពួកលោកខាងលិចប បានផ្សាយព័ត៌មាន ភូតកុហក់ បំពុលយ៉ាងច្រើន ស្តីពីសកម្មភាពកងទ័ពរុស្ស៊ី។

ដូច្នេះហើយ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី សង្ឃឹមថា “ប្រទេសកម្ពុជា នឹងឈ្វេងយល់ច្បាស់ពីព័ត៌មាននេះ ដើម្បីជៀសវាងកុំឲ្យយកតាមការបំពុលរបស់លោកខាងលិច ។ ជាមួយគ្នានេះដែរ ប្រទេសលោកខាងលិច បានធ្វើការហ៊ុំព័ទ្ធ សេដ្ឋកិច្ច និងបានបិទប្រព័ន្ធផ្សព្វផ្សាយប្រទេសរុស្ស៊ីទាំងអស់ តែគេមិនបានបិទ បំពង់ប្រេងរបស់រុស្ស៊ីនោះទេ ។ តែទោះជាយ៉ាងណា ប្រទេសរុស្ស៊ីនៅតែបំពេញកាត្វកិច្ចរបស់ខ្លួន ដោយមិនឈប់ធ្វើការផ្គត់ផ្គង់ប្រេងនោះទេ ព្រោះថាសង្ឃឹមថា ប្រទេសអស់នឹងឈានទៅរកដំណោះស្រាយមួយ ក្រោយពីមានការចរចា ទទួលបានផ្លែផ្កែបន្តិចបន្ទូចនៅប្រទេសតួកគី “។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា បានគោរពជូន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ សូមសម្រេចបាននូវរាល់ភាតកិច្ចការងារ និងសូមឲ្យប្រទេសកម្ពុជា ស្ថិតក្នុងសុខសន្តិភាព ជារៀងតហូត ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






