ភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ, គណៈអភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធក្រោមឱវាទរាជធានីភ្នំពេញ បានកំណត់យករមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលជានិមិត្តរូបនៃការកកើត រាជធានីភ្នំពេញ ដើម្បីប្រារព្វពិធីតាមបែបសាសនា និងទទួលអំណរសាទរទេវតា ឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦។
ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីនាឱកាសនោះ បានបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីសុំជួយបីបាច់ថែរក្សាប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ឲ្យមានសេចក្តីសុខចម្រុងចម្រើន និងទទួលបានជោគជ័យ ក្នុងគ្រប់ការងារក្រោមម្លប់នៃសុខសន្តិភាព។
ពិធីនេះក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹក ឡើងវិញពីសមិទ្ធិផលនានា ដែលរដ្ឋបាលរាជធានីភ្នំពេញ បានកសាងឡើងក្នុងរយៈពេល១ឆ្នាំកន្លងទៅ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ក៏ដូចជាការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកម្ពស់បរិស្ថានសោភណ្ឌភាព ក្នុងរាជធានីភ្នំពេញផងដែរ។ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមប្រឹក្សារាជធានីភ្នំពេញ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប និងជម្រះ
អស់នូវគ្រោះចង្រៃឧបទ្រពទាំងពួងដែលកើតមានពីឆ្នាំចាស់ឲ្យជ្រះស្រឡះ និងទទួលពរជ័យសិរីសួរស្តីពីទេវតាឆ្មាំថ្មីព្រះនាមកិរិណីទេវី ដែលជាបុត្រីទី៥ របស់កបិលមហាព្រហ្ម ព្រមទាំងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មីនេះ។

សង្គ្រាន្តឆ្នាំថ្មី ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ បានចូលមកដល់នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៤មេសា ក្នុងពេលដែលទេវតាឆ្នាំថ្មី បានចូលមកឃុំ គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់។ នេះជាការរៀបចំសង្គ្រាន្តវត្តភ្នំរបស់រដ្ឋ បាលរាជធានីភ្នំពេញជាថ្មីឡើងវិញ ក្រោយពីអាក់ខានមិនបានរៀបចំអស់រយៈពេល២ឆ្នាំជាប់គ្នា ដោយសារការរីរាលដាលនៃជំងឺផ្លូវដង្ហើម ដ៏ស្រួចស្រាលគឺកូវីដ ១៩។ ការរីករាលដាលនៃជំងឺកូវីដ.១៩ បានបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះកម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ។
រាជធានីភ្នំពេញបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ ក្រោមអនុសាសដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ, ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានទស្សនាស្តង់ពិព័រណ៍បែបបុរាណ រួមទាំងផលិតផលសិប្បកម្មផលិតដោយដៃ និងបង្ហាញពីទម្រង់វប្បធម៌ជាតិជាច្រើន។ មានប្រជាពលរដ្ឋជាច្រើនបានមកទស្សនា និងចូលរួមលេងកំសាន្តល្បែងប្រជាប្រិយ មានទាញព្រ័ត្រ, លោតបាវ, ចោលឈូង, បោះអង្គុញ, លាក់កន្សែង និងរាំកំសាន្តជាដើម ក្នុងសង្គ្រាន្តវត្តភ្នំ ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងផ្តល់ឱកាសកំសាន្តដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមិនបានអញ្ជើញទៅស្រុកកំណើត។
ឯកឧត្តមឃួង ស្រេង បានថ្លែងថា ៖ “យើងបានសប្បាយរីករាយគឺដោយសារយើងមានសុខសន្តិភាពពេញលេញ ស្ថេរភាពក្រោមការដឹកនាំរបស់ ស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយស្របពេលដែលកម្ពុជា កំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងជាប្រធានអាស៊ានប្តូរវេន ក្នុងឆ្នាំ២០២២នេះ និងព្រឹត្តិការណ៍សំខាន់មួយទៀត គឺការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះផងដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤.១៥.១៦មេសានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗជាយុវវ័យ សិស្ស និស្សិត កម្មករកម្មការិនី ត្រូវចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍, ចូលរួមទប់ស្កាត់ ការពារគ្រោះអគ្គិភ័យដោយ ប្រុងប្រយត្ន័ចំពោះភ្លើងទៀនធូប ចង្ក្រានហ្គាស, ចរន្តអគ្គិសនីជាដើម។ ក្នុងសេចក្តី អំពាវនាវដដែលនេះដែរ ក៏បានណែនាំឲ្យជៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម៉្សៅ ទះគក់ដោយដៃឬវាយនឹងរំពាត់ ទៅលើអ្នកដំណើរ, ការជិះម៉ូតូបង្ហោះតាមដងផ្លូវ និងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿផ្ទុះគ្រប់ប្រភេទដោយរក្សាបាននូវសេចក្តីថ្លៃថ្នូរ ស័ក្តសមជាកុលបុត្រ កុលធីតាខ្មែរប្រកបដោយគុណធម៌ និងសិលធម៌៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




































