Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ សង្ឃឹមថា ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង នឹងអាចទទួលយកវ៉ាក់សាំង នៅតាមទីតាំងដែលអាជ្ញាធររៀបចំ នៅតាមកន្លែងកម្សាន្តមួយចំនួន នៅថ្ងៃចុងក្រោយ នៃបុណ្យចូលឆ្នាំនេះ

ព្រះសីហនុ៖ ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា សម្តេចគ្មានបំណងដាក់បម្រាមណាមួយ ទៅលើការលេងកម្សាន្តនោះទេ សូមអាជ្ញាធរកុំឱ្យអនុវត្តវិធានការសុខាភិបាល សម្រាប់ការលេងកម្សាន្តនៅបុណ្យចូលឆ្នាំនេះ តែសម្ដេចតេជោ សូមឲ្យបងប្អូនប្រជាពលរដ្ឋ បន្តការអនុវត្តនូវវិធានការសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដទាំងអស់គ្នា។

ទោះបីជាមានខេត្ត៤ អនុញ្ញាតឱ្យប្រជាជនជ្រើសរើសក្នុងការពាក់ ឬមិនពាក់ម៉ាស់ ក៏ដោយ ក៏ប៉ុន្តែ៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី គឺភាគច្រើនមិនមានការពាក់ម៉ាស់នោះទេ។ សម្តេចតេជោ សង្ឃឹមថា ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង នឹងអាចទទួលយកវ៉ាក់សាំង នៅតាមទីតាំងដែលអាជ្ញាធររៀបចំ នៅតាមកន្លែងកម្សាន្តមួយចំនួន នៅថ្ងៃចុងក្រោយ នៃបុណ្យចូលឆ្នាំនេះ។

ទាក់ទងទៅនឹងសុខសន្តិភាពប្រទេសជាតិ សម្តេចតេជោបានមានប្រសាសន៍ថា សន្តិភាពមានតម្លៃខ្លាំងណាស់ សម្រាប់ប្រទេសនីមួយៗ។ សម្ដេចតេជោបានបញ្ជាក់ថា កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព យើងត្រូវចូលរួមរក្សាសន្តិភាពឱ្យខាងតែបាន។ សម្តេចតេជោ មិនចង់ឱ្យយុវជនខ្មែររងគ្រោះ ដោយសារសង្គ្រាម ដូចជំនាន់សម្ដេចនៅពីក្មេងនោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បើទោះបីឆ្នាំនេះ ឥទ្ធិពលនៃជំងឺកូវីដ១៩ ក៏ដូចជាឥទ្ធិពលពីសង្គ្រាម រវាងរុស្ស៉ី និងអ៊ុយក្រែន ដែលធ្វើឱ្យស៊ីឡើងថ្លៃ ក៏ប៉ុន្តែ ប្រជាពលរដ្ឋនៅតែប្តូរផ្តាច់ដើរលេងកម្សាន្ត បើតាមការគណនា ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២២នេះ មានចំនួនច្រើនជាងការដើរកម្សាន្តកាលមុនរីករាលដាលនៃជំងឺកូវីដ១៩ ទៅទៀត។

ការមានប្រសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០២២ នាខេត្តព្រះសីហនុ។

នាកាសនោះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តអំពាវនាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ទោះបីជាសម្តេចអំពាវនាវឱ្យអាជ្ញាធរកុំអនុវត្តវិធានការលើប្រជាពលរដ្ឋ ដែលមិនអនុវត្តវិធានការសុខាភិបាលក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើតាមការយល់ដឹងរបស់ខ្ញុំ មិនមែនត្រឹមតែថ្ងៃនេះនោះទេ គឺថ្ងៃស្អែក ថ្ងៃខានស្អែក ឬប៉ុន្មានថ្ងៃចុងក្រោយទៀត ចំហាយនៃពិធីបុណ្យចូលឆ្នាំនៅតែបន្ត នៅតាមភូមិឃុំ និងតាមទីកន្លែងនានា ដែលទាក់ទាញប្រជាពលរដ្ឋ ធ្វើដំណើរពីកន្លែងមួយទៅកាន់កន្លែងមួយដើម្បីកម្សាន្ត បើទោះបីឆ្នាំនេះ ឥទ្ធិពលនៃជំងឺកូវីដ១៩ ក៏ដូចជាឥទ្ធិពលពីសង្គ្រាម រវាងរុស្ស៉ី និងអ៊ុយក្រែន ដែលធ្វើឱ្យស៊ីឡើងថ្លៃ ក៏ប៉ុន្តែ ប្រជាពលរដ្ឋរបស់យើងនៅតែប្តូរផ្តាច់ដើរលេងកម្សាន្ត ពិតមែនហើយប៉ុន្តែ មានមនុស្សមួយចំនួនក៏មិនបានដើរកម្សាន្តដែល តែយើងពិនិត្យមើលចំនួនអ្នកដែលបានចូលរួមក្នុងដំណើរការលេងកម្សាន្តនេះ មានចំនួនច្រើនដែលចាត់ទុកប្រៀបធៀបថា នៃការកើនឡើងចំនួនអ្នកដើរលេងចូលឆ្នាំកើនលើសកាលពីចូលឆ្នាំមុនសម័យកូវីដ១៩ ទៅទៀត ហើយថ្ងៃប្រហែលមានមនុស្សច្រើនក្នុងការធ្វើដំណើរកម្សាន្ត ជាមួយនឹងពីម្សិលមិញមានចំនួនជាង១.៥សែននាក់ ខណៈបូកសរុបចំនួន២ថ្ងៃ មានជាង២លាននាក់ បានដើរលេងកម្សាន្ត។

បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យ៉ាងច្រើនកុះករ ខណៈមានពលរដ្ឋខ្លះមានលទ្ធភាពចូលសម្រាកតាមសណ្ឋាគារលំដាប់ផ្កាយ ព្រមទាំងសណ្ឋាគារដទៃទៀត ជាពិសេសបានធ្វើដំណើរកម្សាន្តគ្រប់កន្លែងទូទាំងប្រទេស គឺបានបង្ហាញពីសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសក្នុងរយៈពេលកន្លងទៅ។

នាយករដ្ឋមន្ត្រី បានសង្ឃឹមថា ប្រជាពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង នឹងអាចទទួលយកវ៉ាក់សាំងនៅតាមទីតាំងដែលអាជ្ញាធររៀបចំ នៅតាមកន្លែងកម្សាន្តមួយចំនួន នៅថ្ងៃចុងក្រោយ នៃបុណ្យចូលឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជាពិសេសឱកាសបុណ្យចូលឆ្នាំ ព្រោះថាកូវីដ១៩ មិនមានអ្នកស្លាប់ទេ តែគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សរាល់ថ្ងៃ។ សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរ យកចិត្តទុកដាក់បង្កើនការការពារពលរដ្ឋ ដែលដើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំ ហើយសម្តេចក៏បានកោតសរសើរផងដែរចំពោះអាជ្ញាធរ ក្នុងការការពារផ្ទះសម្បែង និងពលរដ្ឋ ២ថ្ងៃមកនេះបានយ៉ាងល្អប្រសើរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×