ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវមហាកុដិ និងសមិទ្ធផល ក្នុងវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ ដែលបន្តកើតមានទ្បើងនៅក្នុងទីអារាមដែលមានចំណាស់ជាង ៣០០ ឆ្នាំ ក្រោមដំណើរឆ្លងកាត់ដំណាក់កាលទ្បើងចុះជាច្រើន នៃប្រវត្តិអតីតកាល។ សំខាន់នៅក្រោមម្លប់នៃសុខសន្តិភាពជាង ៤០ ឆ្នាំកន្លមកនេះ ប្រទេសជាតិយើងមានលំនឹងស្ថិរភាព ហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទាំងក្នុងទីវត្តអារាមនេះ ក៏ដូចជាក្នុងខេត្តកំពត និងទូទាំងប្រទេស។ សុខសន្តិភាពនេះហើយ ដែលបានផ្តល់នូវឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ ជាពិសេសការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្តេចតេជោ បាននាំមកនូវសន្តិភាពពេញលេញសម្រាប់ជូនប្រជាពលរដ្ឋ រួមមានទាំង “សន្តិភាពផ្លូវកាយ” គឺការការពារមិនឱ្យមានការវិលត្រលប់មកវិញនូវស្ថានការណ៍សង្គ្រាម ដូចធ្លាប់កើតមាននាខែមេសា ឆ្នាំ១៩៧៥ ដែលបានបង្កនូវមហាវិនាសកម្មកាប់សម្លាប់អាយុជីវិត ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញគ្រប់ហេដ្ឋរចនាសម្ព័ន្ធជាតិ។ និង “សន្តិភាពផ្លូវចិត្ត” គឺការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការរស់នៅប្រកបដោយក្តីសង្ឃឹម។ សម្តេចតែងបានគិតគូរជាប់ជាប្រចាំ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។ ដូច្នេះ សូមបន្តជឿទុកចិត្តមកលើ សម្តេចតេជោ តាមរយៈការបោះឆ្នោតជូនសម្តេច បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍភាពរុងរឿងបន្ថែមទៀត។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអរគុណដល់ក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ អនុវត្តភារកិច្ចបម្រើប្រជាពលរដ្ឋជាប់ជាប្រចាំ រួមទាំងការចុះសួរសុខទុក្ខ និងស្វែងយល់ផ្ទាល់ ពីស្ថានភាពនៅមូលដ្ឋាន ដែលនេះគឺជាកាតព្វកិច្ចចម្បង និងជាការផ្សាភ្ជាប់មួយយ៉ាងសំខាន់ រវាងរាស្ត្រជាម្ចាស់ប្រទេស និងមន្ត្រីជាអ្នកបម្រើរាស្ត្រ និងសូមលើកទឹកចិត្តឱ្យបន្តការងារ ដ៏ពិសិដ្ឋនេះរឹតតែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីឱ្យសក្តិសមនឹងជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋដែលបានផ្តល់ជូន៕ រក្សាសិទ្ធិដោយ : ចេស្តារ




