Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ ការចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ បងប្អូនប្រជាពលរដ្ឋពិតជាបាននាំគ្នា សប្បាយយ៉ាងគគ្រឹកគគ្រេង គ្រប់ទីកន្លែងទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា

spot_img

ភ្នំពេញ ៖ ទាក់ទងទៅនឹងការចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការចូលឆ្នាំខ្មែរនាឆ្នាំនេះ ហាក់មានសភាពខុសស្រឡះពីការចូលឆ្នាំនាពេលកន្លងៗទៅ ពោលគឺប្រៀបដូចពេលពលរដ្ឋត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ និងការអបអរពេលកម្ពុជាបញ្ចប់សង្គ្រាមទាំងស្រុងតាមនយោបាយឈ្នះ-ឈ្នះ យ៉ាងដូច្នោះនោះដែរ ពីព្រោះបងប្អូនប្រជាពលរដ្ឋពិតជាបាននាំគ្នាសប្បាយយ៉ាងគគ្រឹកគគ្រេងគ្រប់ទីកន្លែងទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតំណាង ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។

សម្តេចតេជោបានមានប្រសាសន៍ថា មានកត្តាចំនួន៦ ដែលជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ ក្នុងនោះរួមមាន:

ទី១)កត្តាសុខសន្តិភាព គឺជាផ្នែកមួយសំខាន់បំផុត ដែលធ្វើអោយប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តគ្រប់ទីកន្លែង។

ទី២)គឺការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ មានស្ពាន ដែលធ្វើឲ្យប្រជាពលរដ្ឋយើងងាយស្រួលក្នុងការធ្វើដំណើរទៅទីជិត ឬទីឆ្ងាយ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវ និងស្ពានទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបន្តបន្ទាប់។ ហើយនៅថ្ងៃនេះ សម្តេចតេជោក៏បានប្រកាសផ្តល់ស្ពានបេតុងជូនប្រជាពលរដ្ឋនៅកោះយ៉ ក្នុងខេត្តកោះកុង ហើយស្ពានបេតុងនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នករ៉ាប់រងលើការសាងសង់ផងដែរ។

ទី៣)គឺកត្តាមធ្យោបាយធ្វើដំណើរ គឺបងប្អូនប្រជាពលរដ្ឋយើងមានមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទទាំងរថយន្ត ទាំងម៉ូតូ និងមធ្យោបាយធ្វើដំណើរផ្សេងៗទៀត។

ទី៤) គឺកត្តាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពីព្រោះបើប្រជាពលរដ្ឋមិនមានប្រាក់ចំណូលនោះទេ គឺពួកគាត់មិនមានលទ្ធភាពក្នុងការចាយវាយ និងចំណាយផ្សេងៗអំឡុងពេលដើរកម្សាន្តនោះទេ។

ទី៥)គឺកត្តានៃការកើនឡើងនៃតំបន់ទេសចរណ៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាយើង។បច្ចុប្បន្ននេះ កម្ពុជាយើងមានទាំងតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍បែបកែច្នៃជាច្រើន ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ។

និងទី៦) គឺកត្តាភាពស៊ាំក្នុងសហគមន៍នៃការទទួលបានវ៉ាក់សាំងប្រឆាំងប្រឆាំងកូវីដ-១៩ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោក៏បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងទី៣ ឬដូសជំរុញជាបន្តទៀត ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ឲ្យកាន់តែខ្លាំងក្លាទៀត។

ជាថ្មីម្ដងទៀត សម្ដេចតេជោ​ ហ៊ុន​ សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំថ្មីនេះ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×