ភ្នំពេញៈ ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ។ ការពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងនៅក្នុងកិច្ចព្រឹទ្ធសភានៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។
ក្រោយពីសមាជិកព្រឹទ្ធសភាមួយចំនួន បានពិនិត្យ និងលើកជាសំណួរសុំការបំភ្លឺមួយចំនួន ព្រមទាំងផ្តល់យោបល់ជូនតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួចមក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្រាយបំភ្លឺយ៉ាងក្បោះក្បាយ។

នៅទីបញ្ចប់អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សេចក្តីព្រាងច្បាប់នេះ មាន១៥ជំពូក និង១១៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន៩២សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នាសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ និងបានបញ្ជូនមកព្រឹទ្ធសភាដើម្បីពិនិត្យហើយឲ្យយោបល់ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ដោយមានភ្ជាប់មកជាមួយនូវសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាលលេខ ០១ សជណ.កបច ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្របតាមមាត្រា១១៣ថ្មី ជំពូកទី៨ថ្មីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងដើម្បីកំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិនិងវិធានការភូតគាមអនាម័យ ការការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក ការរាលដាលឆ្លង និងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀង អនាម័យ គុណភាព និងសុវត្ថិ-ភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និង ទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ ការសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំង ការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិនិងការលើកកម្ពស់សុខុមាលភាព និងសុខភាព សាធារណៈ ប្រកបដោយនិរន្តរភាពធនធានធម្មជាតិនិងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រងការពាររុក្ខជាតិ និងភូតគាមអនាម័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ : ចេស្តារ

