Wednesday, May 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថ នឹងអនុវត្តច្បាប់ចំពោះបុគ្គល ប៉ុក ដារ៉ា ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលស្លៀកពាក់ឯកសណ្ឋានក្លែង និងការប្រើប្រាស់ឯកសារក្លែង

ភ្នំពេញ ៖ ឯកឧត្តមឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា កងរាជអាវុធហត្ថ នឹងអនុវត្តច្បាប់ចំពោះបុគ្គល ប៉ុក ដារ៉ា ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលស្លៀកពាក់ឯកសណ្ឋានក្លែង និងការប្រើប្រាស់ឯកសារក្លែង ។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កងរាជអាវុធហត្ថ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លៀកពាក់ឯកសណ្ឋានក្លែង និងការប្រើប្រាស់ឯកសារក្លែង។

កងរាជអាវុធហត្ថបានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះ “Da Ra” បានផ្សព្វផ្សាយរូបភាព និងការបញ្ចេញមតិមួយចំនួន ក្នុងនោះយើងឃើញបុគ្គលនេះ បានស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថផងដែរ។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា ក្រោយពីទទួលបាននូវព័ត៌មាននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវរកអត្តសញ្ញាណបុគ្គលនោះ ដើម្បីបញ្ជាក់ការពិត។ ក្រោយពីធ្វើការស្រាវជ្រាវ និងបានស្តាប់ចម្លើយបុគ្គលឈ្មោះ ប៉ុក ដារ៉ា, ជំនាញបានបញ្ជាក់ថា បុគ្គលនេះមិនមាននៅក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ព របស់កងរាជអាវុធហត្ថទេ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនថា អំពើរបស់បុគ្គលឈ្មោះ ប៉ុក ដារ៉ា បានប្រព្រឹត្តបទល្មើស ដូចមានចែងក្នុងមាត្រា៦១២ “បទប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ” និងមាត្រា៦៣០ “បទប្រើប្រាស់ឯកសារសាធារណៈក្លែង” នៃក្រមព្រហ្មទណ្ឌ។ កងរាជអាវុធហត្ថ នឹងអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ៕ រក្សាសិទ្ធិដោយ​៖សុទ្ធ លី

×