Monday, May 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នឹងជួបជាមួយសម្តេច ហេង សំរិន និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

ភ្នំពេញ ៖ ឯកឧត្តម អូម ប៊ីឡា (O M BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា និងអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អំ ប៊ីឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌានឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

តាមកម្មវិធីនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងអញ្ជើញទទួលបដិសណ្ឋាកិច្ចប្រធានរដ្ឋសភាជាន់ទាបឥណ្ឌានៅមុខវិមានរដ្ឋសភា និងអញ្ជើញអមដំណើរទៅបន្ទប់ជួបសវនាការ។

នៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អំ បឺរឡា ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

មុននឹងបញ្ចប់ដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អំ បឺរឡា និងគណៈប្រតិភូ នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នាខេត្តសៀមរាបផងដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា នាពេលនេះ គឺធ្វើឡើង ក្នុងឱកាសខួបទី៧០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពការទូត ប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ និងដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិឱ្យកាន់តែរីកចម្រើន រឹងមាំ និងគ្រប់ជ្រុងជ្រោយ ថែមទៀត។

សូមរំលឹកថា កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយឥណ្ឌា តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៥២ គឺមុនពេលដែលកម្ពុជា ទទួលបានឯករាជ្យភាពបរិបូរណ៌ពីបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ នេះសបញ្ជាក់ឱ្យឃើញថា មិត្តភាពកម្ពុជា-ឥណ្ឌា មានទំនាក់ទំនងល្អតាំងពីយូរលង់ណាស់មកហើយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×