ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ដែលមានឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធាន។
គណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប មានភារកិច្ចដូចតទៅ៖

- រៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ
- អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ
- ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធីច្បាប់ជាធរមាន
- រៀបចំផែនការ និងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់
- ត្រួតពិនិត្យការអនុវត្តលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់គណៈបញ្ហាការឯកភាពជុំវិញបឹងទន្លេសាប
- ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល
- ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន។
អនុប្រធាន និងសមាជិកគណៈកម្មការត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានគណៈកម្មការ។ ក្នុងករណី ប្រធានគណៈកម្មការអវត្តមាន ប្រធានអាចប្រគល់សិទ្ធិជូនអនុប្រធានដើម្បីដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការបាន។
គណៈកម្មការនេះអាចបង្កើតក្រុមការងារពិសេសតាមការចាំបាច់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយ សេចក្តីសម្រេចរបស់ប្រធានគណៈកម្មការអន្តរក្រសួងនេះ។
គណៈកម្មការនេះមានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ ដើម្បី បំពេញបេសកកម្មការងាររបស់ខ្លួនតាមការចាំបាច់៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







