ភ្នំពេញ ៖ ក្នុងជំនួបការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ , ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានបំណងចង់កសាងស្ពានមួយកន្លែងនៅព្រំដែននៃប្រទេសទាំង២ ដើម្បីឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា។
ឯកឧត្តម កៅ គឹមហួន បានបញ្ជាក់បន្ថែមថា ការដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ចង់ទៅទស្សនកិច្ចនៅខេត្តចំនួនពីរតាមព្រំដែនកម្ពុជានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវទៅកាន់ទីនោះ គឺពិតជាល្អដែលជាសញ្ញាវិជ្ជមានក្នុងការផ្ដល់នូវទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំថែមទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា សម្ដេចពិតជាមានមោទនភាពចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍លើកឡើងទៀតថា ឯកឧត្តមនឹងគ្រោងទៅទស្សនកិច្ចនៅខេត្តពីរដែលជាប់ព្រំដែនកម្ពុជា ជាពិសេសខេត្តចំប៉ាសាក់ និងចំប៉ាលើ ក្នុងគោលបំណងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ ខេត្តនិងខេត្ត និងបណ្ដាព្រំប្រទល់ជាមួយកម្ពុជា ដើម្បីបញ្ជាក់ពីគោលនយោបាយរបស់ប្រទេសទាំងពីរ ក្នុងការជំរុញលើកកម្ពស់ និងបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ។
ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសុំឲ្យមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរផងដែរ ដើម្បីឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា ក៏ប៉ុន្តែទាក់ទងនឹងការសាងសង់ស្ពាននេះ ឯកឧត្តមរង់ចាំការពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការឡាវសិន។
ហើយទាក់ទងទៅនឹងគម្រោងនៃការកសាងស្ពាននេះ សម្ដេចតេជោបានមានប្រសាសន៍ថា វាជារឿងដ៏ល្អបំផុត សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

