ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះកាត់ដេរខោអាវ យីហោ បញ្ញាកាត់ដេរ បណ្តាលឲ្យខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួន កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះកាត់ដេរខោអាវ ផ្លូវ៦៣ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនី បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះថ្មប្រក់ស័ង្កសី និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ បានធ្វើការអន្តរាគមន៍ពន្លត់ទាំងស្រុង នាវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ដោយក្នុងនោះ កម្លាំងជំនាញរបស់យើងប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៧ឡាន ស្មើនឹង ៦៨ម៉ែត្រគូប៕ រក្សាសិទ្ធិដោយ ៖ សួង សាម






