Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម នាយករដ្ឋមន្ត្រីស្ដីទី ៖ អ្នកដឹកនាំណាដែលធ្វើផ្ទុយ មិនស្របតាមបំណងប្រាថ្នាប្រជាពលរដ្ឋ អ្នកដឹកនាំនោះ គឺមិនទទួលជោគជ័យទេ តែងតែទទួលបរាជ័យ

ខេត្តព្រៃវែង ៖ សម្ដេចក្រឡាហោម នាយករដ្ឋមន្ត្រីស្ដីទី បានមានប្រសាសន៍ថា ការកសាងប្រទេស ជាពិសេសការរៀបចំឱ្យមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍនេះមិនអាចកាត់ផ្ដាច់បានពីគោលនយោបាយឬបន្ទាត់នយោបាយនៃអ្នកដឹកនាំគណបក្ស និងរាជរដ្ឋាភិបាលនោះឡើយ។ សម្ដេចបន្ថែមថានយោបាយដែលត្រឹមត្រូវគឺនយោបាយដែលផ្អែកលើផលប្រយោជន៍ជាតិនិងប្រជន និងការធ្វើអ្វីៗដែលគោរពតាមការសម្រេចចិត្ត ការចង់បាន សំណូមពរ និងការទាមទាររបស់ពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

សម្ដេចបានគូសបញ្ជាក់ក្នុងន័យដើមថា «យើងមិនអាចធ្វើផ្ទុយពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋបានទេ ហើយអ្នកដឹកនាំណាដែលធ្វើផ្ទុយ មិនស្របតាមបំណងប្រាថ្នាប្រជាពលរដ្ឋ អ្នកដឹកនាំនោះ គឺមិនទទួលជោគជ័យទេ តែងតែទទួលបរាជ័យ។ នេះជាសច្ចៈធម៌ដែលយើងមិនអាចប្រកែកបាន…។ សព្វថ្ងៃនេះដោយសារយើងបានរក្សានូវឧត្តមគតិបែបនេះ យើងទទួលបានសុខសន្តិភាព និងស្ថិរភាព»។

សម្ដេចនាយករដ្ឋមន្រ្តីស្ដីទី បានបន្តថារាជរដ្ឋាភិបាលនិងគណបក្ស ដែលមានតេជោជាប្រធានបន្តវេនពីថ្នាក់ដឹកនាំមុន និងជានាយករដ្ឋមន្រ្តីបានខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាម ពង្រឹងសុខសន្តិភាព ស្ថិរភាព បង្កើតបានឱកាសសម្រាប់ការកសាងវត្ត សាលារៀន ផ្លូវ និងសមិទ្ធផលផ្សេងៗទៀតជាប្រយោជន៍របស់ប្រជាពលរដ្ឋដោយសម្ដេចបានបន្ថែមថា« បើយើងមិនទាន់មានសុខសន្តិភាព យើងត្រូវខិតខំតស៊ូដើម្បីមានសុខសន្តិភាព ឥឡូវយើងមានសុខសន្តិភាពហើយ យើងតស៊ូដើម្បីកសាងជីវភាពឱ្យកាន់តែប្រសើរឡើង»។

នៅពេលមានប្រសាសន៍អំពីការខិតខំកសាងសមិទ្ធផល សម្ដេចក្រឡាហោម បានបន្តគូសបញ្ជាក់ជូនអង្គពិធីអំពីការប្រឹងប្រែងស្ថាបនាជាតិ របស់រាជរដ្ឋាភិបាល ដូចជាការស្ថាបនាស្ពាន ផ្លូវ ការអភិវឌ្ឍទឹកស្អាត និងអគ្គិសនីជាដើម ដើម្បីសម្រួល ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្ដេចបន្ថែមថា«មកដល់ពេលនេះយើងពិតជាមានមោទកភាព យើងបានធ្វើឱ្យប្រទេសជាតិយើងកាន់តែមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ហើយយើងសង្ឃឹមថាបន្តធ្វើឱ្យមានការអភិវឌ្ឍកាន់តែរីកចំរើនថែមទៀត»។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមបានបន្តអំពាវនាវប្រជាពលរដ្ឋថែរក្សាការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសបន្តអនុវត្តវិធានការ៣កុំ ៣ការពារ និងអញ្ជើញទៅទទួលសេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាតាមកាលកំណត់ដោយមន្រ្តីសុខាភិបាល។ សម្ដេចក៏បានសម្ដែងក្ដីសង្ឃឹមដែរថាតាមរយៈការចាក់វ៉ាក់សាំងបង្កើតបានភាពសាំក្នុងសហគមន៍កន្លងមកនេះនឹងធ្វើឱ្យស្ថានភាពកូវីដ-១៩ មិនប្រែលប្រួលជាអវិជ្ជមាននៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមឯកសារ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឱ្យបានគ្រប់ៗគ្នាដើម្បីរួមចំណែក ពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន។ សម្ដេចក៏បានគូសបញ្ជាក់អំពីភាពវិជ្ជមាន នៃដំណើរការឈានទៅកាន់ការរៀបចំការបោះឆ្នោតនៅខែមិថុនាខាងមុខ ដែលមកដល់ពេលនេះមិនមានអំពើហិង្សា ឬការគំរាមកំហែងណាមួយនោយឡើយ និងបានអំពាវនាវឱ្យគ្រប់ភាគីបន្តរក្សាបរិយកាសនេះរហូតដល់ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។

សម្ដេចក្រឡាហោមនាយករដ្ឋមន្រ្តីស្ដីទី ក៏បានជម្រាបជូនអង្គពិធីផងដែរ អំពីដំណើរការប្រព្រឹត្តទៅនៃស្ថានប័នថ្នាក់ក្រោមជាតិ រួមមានរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ និងការតែងតាំងថ្នាក់ដឹកនាំរដ្ឋបាលទាំងនោះ ព្រមទាំងបន្យល់ជូនងាយៗជូនអង្គពិធីអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្រ្តីទាំងនោះ ទាំងមន្រ្តីដែលទទួលបានការតែងតាំងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងតាមរយៈការបោះឆ្នោតរបស់ប្រជាជនទាំងផ្ទាល់ និងតាមរយៈតំណាងប្រជាជន។

សម្ដេចបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមផ្ដល់ព័ត៌មានជូនអាជ្ញាធរមូលដ្ឋានអំពីបញ្ហាទាំងឡាយពាក់ព័ន្ធនឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ ហើយទន្ទឹមគ្នានេះអាជ្ញាធរក៏ត្រូវបំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ ចៀសវាងការបែងចែកក្រុម បក្សពួក ឬនិន្នាការនយោបាយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×