Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្តមានកូនផ្សោតមួយក្បាល នៅអន្លង់កាំពី

ក្រចេះ ៖ នៅអំឡុងពេលសិក្សាអង្កេតលើការប៉ាន់ប្រមាណ ចំនួនសរុបសត្វផ្សោតទន្លេមេគង្គ ក្រុមសិក្សាស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បានប្រទះឃើញកូនផ្សោតមួយក្បាល ដែលទើបនឹងកើតហែលជាមួយហ្វូងផ្សោតពេញចំនួនប្រមាណពី៨ក្បាលទៅ១០ ក្បាល នៅក្នុងអន្លង់កាំពី ក្នុងខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង១០ និង១៦នាទីព្រឹក។ កូនផ្សោតនេះ គឺជាកូនផ្សោតទីពីរ ដែលក្រុមស្រាវជ្រាវ បានកត់ត្រាក្នុងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ។

អង្គការ WWF បានឲ្យដឹងថា ក្នុងអំឡុងពេលចុះអនុវត្តការស្រាវជ្រាវតាមដងទន្លេមេគង្គ ក្រុមអ្នកជំនាញស្រាវជ្រាវ និងតាមដានសត្វផ្សោតនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ WWF បានកត់ត្រាតាមរយៈរូបថតនៅថ្ងៃទី២២ ខែមេសានេះ នូវវត្តមានរបស់កូនផ្សោតថ្មីមួយក្បាល ខណៈពេលវាកំពុងហែលជាមួយសត្វផ្សោតធំៗចំនួន៩ក្បាលទៀត នៅក្នុងដែនជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ។

ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា សត្វផ្សោតថ្មីនេះមានអាយុទើបតែប្រាំថ្ងៃប៉ុណ្ណោះ ហើយជាកូនសត្វផ្សោតទី២សម្រាប់ឆ្នាំ២០២២នេះ។ សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផល និងអង្គការ WWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។

ដើម្បីធានាបានថា កូនផ្សោតនេះបន្តរស់រានមានជីវិត និងវិវត្តទៅជាផ្សោតពេញវ័យនៅក្នុងចំនួនសរុប រដ្ឋបាលជលផលសូមអំពាវនាវ ដល់បងប្អូនប្រជានេសាទមេត្តាចូលរួមការពារ និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ពិសេសការនេសាទដោយប្រើឧបក រណ៍មង និងឆក់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×