ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត range rover ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុ.ករនាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខ រួចបន្តល្បឿនបើករត់ទៅមុខ តែត្រូវសមត្ថកិច្ចតាមឃាត់បានវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីវេលាម៉ោង ១និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ខែមេសាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខម្នាក់ នៅនឹងកន្លែងកើតហេតុ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាក range rover ពណ៌សស៊េរីទំនើបមួយគ្រឿងពាក់ផ្លាកលេខកម្ពុជា T.R.0110 បើកបរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្តុបសន្ធរមុក ក៏ជ្រុលចង្កូតទៅបុកនឹងរនាំងថ្មពុះចែកទ្រូងផ្លូវចំពីមុខ យ៉ាងពេញទំហឹងបណ្ដាលឲ្យរនាំងថ្ម រងការខូចខាតតិចតួច ចំណែកឯរថយន្តបង្កវិញ បន្តបើករត់ទៅមុខ តែសំណាងមិនល្អត្រូវសមត្ថកិច្ច ធ្វើការតាមឃាត់បានវិញ។ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមានអ្នកណាម្នាក់ រងរបួសនោះទេ រងការខូចខាតតែរថយន្តបង្ក និងរនាំងថ្មពុះចែកទ្រូងផ្លូវ ជាទ្រព្យសម្បត្តិរដ្ឋតិចតួចតែប៉ុណ្ណោះ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ផ្នែកជំនាញចរាចរណ៍ ចុះពិនិត្យវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ សា មេត




