Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ នៅខណ្ឌដង្កោ

ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការងខណ្ឌដង្កោទទួលបន្ទុកផែនព្រហ្មទណ្ឌបានប្រាប់CENឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៣និង៣០នាទី ត្រង់ចំណុចបុរីវីអាយភី ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ៖ ១ ឈ្មោះ វិន យ៉ាំងហៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និង២ ឈ្មោះ សាន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យករួមមាន : ១-ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខៀវ ចំនួន១គ្រឿង ២-ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន , ៣-សោរខ្សៀលេខ៨ ចំនួន១ , ៤-ដែករ៉ឺស័រតូចស្រួចសម្រាប់ឆ្កឹះមេសោរចំនួន១ , ៥-ដង្កាប់ចំនួន១ , ៦-តួណឺវីសចំនួន២ , ៧-សោរខ្សៀលេខ១៩ចំនួន១, ៨-កូនកន្ត្រៃចំនួន២ , ៩-ដាវកែច្នៃប្រវែង៤០សង់ទីមែត្រចំនួន១ដើម , ១០-ពូថៅចំនួន១ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៣និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ស្ពានថ្ម ដល់ចំណុចបុរីវីអាយភី ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ វិន យ៉ាំងហៃ ភេទប្រុស អាយុ២០ឆ្នាំ ទី២ឈ្មោះ សាន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ កំពុងជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កពណ៌ខៀវចំនួន១គ្រឿង ចេញពីដីឡូតិ៍មួយកន្លែង ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យមិនបានឈប់ម៉ូតូរ៉ឺម៉កទេ គឺបានបើកម៉ូតូរ៉ឺម៉កគេចខ្លួនពីសមត្ថកិច្ច ។

ពេលនោះសមត្ថកិច្ចក៏បានជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុចផ្លូវបេតុងអេប៊ីស៊ី ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ រួចធ្វើការឆែកឆេររកឃើញដែកជ្រុងចុងសំប៉ែតស្រួច សម្រាប់កាច់សោរកម៉ូតូចំនួន និងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។
សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម តាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានដើរធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនៅបុរីវីអាយភី ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញប្រាកដមែន ។
កន្លងមក ធ្លាប់បានធ្វើសកម្មភាពលួចកាច់សោរកម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ មិនស្គាល់ផ្លាកលេខ របស់ប្រជាពលរដ្ឋនៅខណ្ឌចំការមន រាជធានីភ្នំពេញ បានសម្រេចចំនួនមួយលើកផងដែរ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×