Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ជំនួយវ៉ាក់សាំងរបស់អ៉ីតាលី ចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ-១៩ ជាជំហានៗ គឺឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ ប្រជាជនកម្ពុជា, អង្គការជាតិ និងអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត ជាមួយនឹងកិច្ចខិតខំ ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានអនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស និងដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន បង្ហាញថា វិបត្តិជំងឺកូវីដ-១៩នៅកម្ពុជា បានបណ្ដាលឱ្យមានការចាត់វិធានការតឹងរ៉ឹង និងឈានទៅដល់ ការសម្រេចបិទព្រំប្រទល់ ក៏ដូចជាបិទខ្ទប់តំបន់សេដ្ឋកិច្ចសំខាន់ៗ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ហើយប៉ះពាល់ធ្ងន់ធ្ងរដល់សកម្មភាពវិជ្ជមានសង្គមក្នុងឆ្នាំ២០២០ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញនៅក្នុងឆ្នាំ២០២១ ជាមួយអត្រាកំណើនវិជ្ជមានប្រមាណ ៣%។

សម្តេចតេជោ ហ៊ុន សែន ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលី ជាង ១លានដូស ដែលពិធីប្រគល់ និងទទួល ធ្វើឡើងនៅវិមានសន្តិភាព នាព្រឹក ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី លោក ឡូរិនហ្សូ ហ្គាឡន់ទី ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា។

ទាក់ទងទៅនឹងវ៉ាក់សាំងជាចលករជំរុញកំណើនសេដ្ឋកិច្ចនេះទៀតសោត សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ជាក់ស្ដែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជា បានបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយរាជរដ្ឋាភិបាល បានសម្រេចលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់ សម្រាប់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅបើកទ្វារវិស័យទេសចរណ៍ឲ្យកាន់តែទូលំទូលាយ, ហើយសម្រាប់ទិសដៅទៅមុខ, ស្របពេលដែលជំងឺកូវីដ-១៩ នៅតែបង្កឱ្យមាននូវភាពមិនប្រាកដប្រជា, រាជរដ្ឋាភិបាល នឹងបន្តជំរុញយុទ្ធនាការជាតិចាក់វ៉ាក់សាំងជាបន្តបន្ទាប់ទៀត ដែលអំណោយវ៉ាក់សាំងកូវីដ-១៩ ដ៏ថ្លៃថ្លាពីប្រជាជន និងរដ្ឋាភិបាលអ៉ីតាលី នាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំពារសុខុមាលភាពសាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

កម្ពុជាសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអ៉ីតាលី ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរឹតបន្តឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អ៉ីតាលី ទាំងផ្នែកការទូត និងសេដ្ឋកិច្ច, ជាក់ស្តែង កម្ពុជាសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសាទរចំពោះការបង្កើត ស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជានៅក្នុងឆ្នាំ២០២០ ប្រកបដោយភាពរីកចម្រើន និងភាពសកម្មនៃសហគមន៍ធុរកិច្ច អ៉ីតាលី ជាពិសេស សមាគមធុរកិច្ចអ៉ីតាលីកម្ពុជា (Italian-Cambodian Business Association-ICBA) ក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគននៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×