Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យពលរដ្ឋទៅចាក់សាំងដូសទី៣កុំបីខាន ខណៈវ៉ាក់សាំងក្នុងឃ្លាំងមាន ១១លានដូស និងជាង ២០លានដូសទៀតនឹងមកដល់ជាបន្តបន្ទាប់

spot_img

ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្របង្កើតភាពស៊ាំក្នុងសហគមន៍ បង្កើនសកម្មភាពក្នុងសង្គម និងជំរុញកំណើនសេដ្ឋកិច្ចនោះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង ២០លានដូសទៀត ដែលបានសន្យាផ្តល់ជូនពីសំណាក់ប្រទេសជាមិត្ត នឹងបញ្ជូនមកកាន់កម្ពុជា ជាបន្តបន្ទាប់ ខណៈបច្ចុប្បន្ន មានវ៉ាក់សាំងនៅក្នុងឃ្លាំងជាង ១១លានដូស។

នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងពីក្ដីសង្ឃឹមរបស់សម្ដេចថា ប្រជាពលរដ្ឋខ្មែរនឹងយល់ពីបំណងប្រាថ្នារបស់សម្តេច ក៏ដូចជា រាជរដ្ឋាភិបាល ទាំងមូលដែលគិតគូរពីបញ្ហាសុខុមាលភាពរបស់ពួកគាត់ ជុំវិញករណីវិបត្តិរាតត្បាតជំងឺកូវីដ-១៩ , ដូច្នេះ សូមអំពាវនាវដល់អ្នកដែលមិនទាន់បានចាក់ដូសទី៣ ប្រញាប់ទៅចាក់ដែលមានទីតាំងច្រើនកន្លែង មិនថាចាក់ដូសទី២ នៅកន្លែងណានោះទេ ប៉ុន្តែអាចចាក់ដូសទី៣ នៅកន្លែងដែលងាយស្រួលសម្រាប់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលី ជាង ១លានដូស ដែលពិធីប្រគល់ និងទទួល ធ្វើឡើងនៅវិមានសន្តិភាព នាព្រឹក ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពី លោក ឡូរិនហ្សូ ហ្គាឡន់ទី ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមគ្រូពេទ្យទាំងខាងកងទ័ព ស៊ីវិល ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តម្រង់ឆ្ពោះទៅរកគោលដៅដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលនៅសេសសល់, ពោលគឺ ប្រជាពលរដ្ឋត្រូវតែចាក់វ៉ាក់សាំងដូសទី៣ ដែលនេះជាកាតព្វកិច្ចតម្រូវតែម្តង ដោយកម្ពុជានៅសល់មនុស្សប្រមាណ ៦លាននាក់ទៀត មិនទាន់ចាក់ដូសទី៣ នៅឡើយ ខណៈពលរដ្ឋជាង១លាននាក់បានចាក់ដូសទី៤។

គួរបញ្ជាក់ថា ២ខែ ចុងក្រោយនេះ អត្រាឆ្លង និងស្លាប់ទាបដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា បានធ្លាក់ចុះមកនៅកម្រិតទាប គឺការឆ្លងមានត្រឹមតែពីរខ្ទង់ប៉ុណ្ណោះ គឺ៣០នាក់ចុះក្រោម ដោយសារការចាក់វ៉ាក់សាំងធ្វើឱ្យមានភាពស៊ាំសហគមន៍ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ ព្រមទាំងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើឲ្យកម្ពុជាមានឱកាសបើកដំណើរការប្រទេសលើគ្រប់ពិសីឡើងវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×