Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ “វិស័យអប់រំ កំពុងបោះជំហាន ទៅរកទម្រង់នៃការអប់រំតាមបែបឌីជីថល”

spot_img

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ បានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយ និងមានមោទនភាពខ្ពស់ ដោយបានកត់សម្គាល់ឃើញថា វិស័យអប់រំ កំពុងបោះជំហានទៅរកទម្រង់នៃការអប់រំតាមបែបឌីជីថល ដែលទម្រង់នៃការអប់រំបែបនេះ កំពុងឆ្លើយតបយ៉ាងប្រត្យក្ស ទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥”។

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អង្គភាពក្រោមឱវាទ មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គ្រឹះស្ថានសិក្សាគ្រប់កម្រិត លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញកាតព្វកិច្ច ក្នុងការអភិវឌ្ឍវិស័យអប់រំ ដល់សិស្សានុសិស្ស ក្នុងអំឡុងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួង បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ ដែលបានសហការ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ប្រកបដោយជោគជ័យក្នុងឆ្នាំសិក្សាកន្លងមក និងលើកទឹកចិត្តឱ្យបន្ដសកម្មភាពនេះតទៅមុខទៀត។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានកត់សម្គាល់ឃើញថា វិស័យអប់រំ កំពុងបោះជំហានទៅរកទម្រង់នៃការអប់រំតាមបែបឌីជីថល ដែលទម្រង់នៃការអប់រំបែបនេះ កំពុងឆ្លើយតបយ៉ាងប្រត្យក្ស ទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថល កម្ពុជា ឆ្នាំ ២០២១-២០៣៥ ។ ការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែយុវជនយើងកំពុងត្រូវការសេវាអប់រំតាមបែបថ្មី, ទំនើប និង មានគុណភាពកម្រិតខ្ពស់ ជាពិសេស នៅពេលមានការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់បច្ចេកវិទ្យា និង ប្រព័ន្ធអ៊ិនធើណិតជាដើម។ ការអភិវឌ្ឍសមត្ថភាពរបស់សិស្ស, និស្សិត, យុវជន និង ប្រជាជនទូទៅ ក្នុងការប្រើប្រាស់ និង ទទួលផលពីបច្ចេកវិទ្យាទាំងនេះ ប្រកបដោយប្រសិទ្ធភាព និងវៃឆ្លាត គឺជាកត្តាចាំបាច់ ដើម្បីធានានូវឧត្តមភាពប្រៀបធៀបរបស់កម្ពុជា នៅក្នុងតំបន់ និង សកលលោក ។

បើតាមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី , ពិតជាគាំទ្រដល់គំនិតផ្តួចផ្តើមនៃការអប់រំតាមបែបឌីជីថល ដើម្បីពង្រឹងសមត្ថភាពផ្នែក អក្ខរកម្មឌីជីថលដល់សិស្ស, និស្សិត និង យុវជន ក្នុងគោលបំណងទាញប្រយោជន៍ពីសេដ្ឋកិច្ច ឌីជីថល និង ធ្វើឱ្យយុវជនជំនាន់ក្រោយមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និង ទីផ្សារឌីជីថល ។ ខ្ញុំក៏សូមគាំទ្រដល់ការសម្រួចអាទិភាពសកម្មភាពដែលផ្ដោតលើលទ្ធផល និង ការអនុវត្តការកែទម្រង់អប់រំដំណាក់កាលទី៣ ដែលផ្តោតលើការកសាង ប្រព័ន្ធ និង ការអភិវឌ្ឍសមត្ថភាព ដែលកិច្ចការទាំងនេះ ពិតជាឆ្លើយតបទៅនឹងការដ្ឋាននៃការងារ កែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុង យុទ្ធសាស្ត្រចតុកោណ-ដំណាក់ កាល ទី ៤ ដើម្បីកំណើន, ការងារ, សមធម៌ និង ប្រសិទ្ធភាព ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះអង្គការជាតិ, អង្គការអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ ផ្លូវការ, អង្គការមិនមែនរដ្ឋាភិបាល, វិស័យឯកជន និង សប្បុរសជនទាំងអស់ ដែលបានរួម ចំណែកយ៉ាងសកម្ម ក្នុងការស្តារ, កសាង និង អភិវឌ្ឍវិស័យអប់រំ យុវជន និង កីឡានៅកម្ពុជា តាមរយៈការវិនិយោគៈ ក៏ដូចជាការផ្តល់នូវជំនួយឧបត្ថម្ភ និង ការគាំទ្រគ្រប់បែបយ៉ាង, ទាំងខាង សម្ភារៈ, ថវិកា និង បច្ចេកទេស, នាពេលកន្លងទៅ ជាពិសេស ក្នុងអំឡុងពេលនៃការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូរីដ-១៩ ។

ឈរលើមូលដ្ឋាននៃសមិទ្ធផលអប់រំ និង ការកែទម្រង់វិស័យអប់រំទាំង ៣ ដំណាក់កាល ដែលក្រសួងអប់រំ យុវជន និង កីឡា បាននិងកំពុងអនុវត្ត រួមទាំងការដាក់ចេញនូវ “ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ដើម្បីចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងភាពរឹងមាំ និងវិលត្រឡប់ទៅរកមាគ៌ានៃកំណើន និង ការអភិវឌ្ឍប្រកបដោយចីរភាព ឡើងវិញ, វិស័យអប់រំពិតជាត្រូវការចាំបាច់នូវភាពជាអ្នកដឹកនាំ ដែលមានភាពវៃឆ្លាត, រស់រវើក, បុរេសកម្ម, និង ទន់ភ្លន់ ក្នុងការដោះស្រាយបញ្ហា និង ឆ្លើយតបភ្លាមៗចំពោះស្ថានការណ៍នៃវិបត្តិ ដែលបង្កឱ្យមានភាពរអាក់រអួលក្នុងការបង្រៀន និង ការរៀននៅទូទាំងប្រទេស ។ ប្រព័ន្ធអប់រំត្រូវ មានភាពធន់ តាមរយៈភាពរស់រវើកក្នុងការកំណត់អាទិភាព, ទាំងផ្នែកចំណាយ និង ការបំពេញ ការងាររួមទាំងការចាប់យកឱកាស ដើម្បីប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ក្នុងការកែទម្រង់ចាប់យក ឬច្នៃប្រឌិតនូវវិធី (Method) និង វិធីសាស្ត្រ (Methodology) នៃការអប់រំ, ការបង្រៀន និងការរៀន ។ ក្នុងន័យនេះការអប់រំត្រូវមានភាពស្វាហាប់ និងភាពឆ្លើយតបដោយរួម បញ្ចូលទាំងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងការបង្រៀន និងការរៀន; ការបង្រៀន និងការរៀន តាមបែបចម្រុះ; ការអនុវត្តកម្មវិធីសិក្សាដែលអាចបត់បែនបាន និងផ្សារភ្ជាប់ទៅនឹងគន្លងអាជីព, ការបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិន សំដៅភ្ជាប់ការអប់រំទៅនឹងការដោះស្រាយបញ្ហាជាក់ស្ដែង; ការលើកកម្ពស់ទំនាក់ទំនងរវាងការសិក្សា និងធុរកិច្ច តាមរយៈការបង្កើតគម្រោងរួមគ្នា និងការស្រាវជ្រាវ; ការធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សា ដើម្បីដោះស្រាយការប្រែប្រួលនៃកម្លាំងពលកម្ម និង ការចូលរួមលើកកម្ពស់ការសិក្សាពេញមួយជីវិត ។ល។

ជាការពិត, នៅក្នុងយុគសម័យនៃបដិវត្តឧស្សាហកម្មទី៤ (IR 4), តម្រូវការសិក្សារបស់សិស្ស ក៏មានការផ្លាស់ប្ដូរស៊ីជម្រៅផងដែរ ដោយសារសិស្សត្រូវការនូវ៖ (១)-របៀបរៀនបែបថ្មី សមស្របទៅនឹងវិធីសាស្ត្រថ្មីនៃការបង្រៀន; (២)-ការទទួលបាននូវការបណ្តុះបណ្តាលជំនាញ ថ្មីៗ ពិសេស ជំនាញឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសតវត្សរ៍ទី ២១; និង (៣) ការត្រៀមខ្លួនបានសមស្របសម្រាប់ទីផ្សារការងារ ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។

ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩, គ្រូបង្រៀនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ និងធានានិរន្តរភាពនៃការសិក្សាដល់សិស្សានុសិស្ស និង និស្សិតទាំងអស់ ហើយយើងទាំងអស់គ្នាក៏ទទួលស្គាល់ថា គ្រូបង្រៀនគឺជាបេះដូងនៃការស្តារ និង អភិវឌ្ឍវិស័យអប់រំផងដែរ ដោយសារតែគ្រូបង្រៀន បានខិតខំប្រឹងប្រែងសិក្សា និង ស្រាវជ្រាវ, ទាំងផ្នែកចំណេះដឹង, ជំនាញឌីជីថល និង វិធីសាស្ត្របង្រៀនថ្មីៗ, តួយ៉ាងការខិតខំបង្រៀនពីចម្ងាយ ដើម្បីឱ្យសិស្សអាចរៀនសូត្រពីផ្ទះ ឬក្នុងករណីខ្លះ គ្រូបង្រៀនត្រូវធ្វើដំណើរទៅភូមិជនបទ និង បង្កើតជាក្រុមតូចៗ ដើម្បីឲ្យសិស្ស អាចបន្តការសិក្សា ក្នុងអំឡុងពេលនៃការផ្អាកដំណើរការសាលារៀនជាបណ្ដោះអាសន្ន ។ ដូច្នេះ, ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន គឺជាកត្តាគន្លឹះមួយទៀត ដែលនាំទៅរកភាពជោគជ័យក្នុងការផ្តល់សេវាអប់រំ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមាន ប្រសិទ្ធភាពនៅគ្រប់កាលៈទេសៈ ។ គ្រូបង្រៀននឹងបន្តដើរតួជាបុគ្គលនាំមុខ, ជាមគ្គុទ្ទេសក៍, ជា អ្នកស្រាវជ្រាវ, ជាទីប្រឹក្សា, និងជាអ្នកច្នៃប្រឌិត ដែលចាំបាច់ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ, ទាំងផ្នែកចំណេះដឹង, ទាំងវិធីសាស្ត្របង្រៀន, រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ និងគរុកោសល្យថ្មីៗ មកបង្ហាត់បង្រៀន ដល់សិស្ស-និស្សិត ឱ្យមានចំណេះដឹងទូលំទូលាយ និង អភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និង ជា អ្នកបន្តវេនសម្រាប់អនាគត ។

ជាមួយគ្នានេះ, សាលារៀនត្រូវធានាឱ្យបាននូវបរិយាកាសសិក្សា ប្រកបដោយសុវត្ថិភាព, អនុវត្តកម្មវិធីសិក្សាបង្រួញ និង អាចបត់បែនបាន, ប្រើប្រាស់ខ្លឹមសារឌីជីថលសម្រាប់ការបង្រៀន និងការរៀន ព្រមទាំងកែទម្រង់សាលារៀន ដើម្បីធ្វើឱ្យសាលារៀនមានការទទួលខុសត្រូវ ចំពោះឪពុកម្តាយសិស្ស និងសហគមន៍ តាមរយៈការផ្លាស់ប្តូរវប្បធម៌សាលារៀន និង ការលើក ទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងសាលារៀន និងការផ្តល់ការគាំទ សម្រាប់បរិយាកាសសិក្សា ប្រកបដោយសុវត្ថិភាព ។

អង្គសន្និបាតអប់រំ ដែលកំពុងដំណើរការនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់ មួយ ដែលផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ, អ្នករៀបចំគោលនយោបាយ និងអ្នកអនុវត្តនៅគ្រប់ លំដាប់ថ្នាក់បានមកជួបជុំគ្ន, ធ្វើការពិភាក្សា, ផ្លាស់ប្តូរយោបល់, ផ្លាស់ប្តូរចំណេះដឹង និងបទ ពិសោធន៍ ដោយឈរលើមូលដ្ឋាននៃការបំពេញការងារក្នុងឆ្នាំសិក្សាកន្លងទៅ និងរិះរកវិធានការ សម្រាប់អនុវត្តនៅឆ្នាំសិក្សាខាងមុខ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយ តបទៅនឹងសំណូមពរថ្មីៗ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ជាតិ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រំពឹង និង ជឿជាក់យ៉ាងមុតមាំថា អង្គសន្និបាតដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃនេះ នឹងដំណើរការដោយរលូន និង ទទួលបាននូវផ្លែផ្កាតាមការរំពឹងទុក ។

សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ យុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ ការអនុវត្តការងារប្រចាំឆ្នាំធៀបនឹងទិសដៅដែលបានដាក់ចេញក្នុងសន្និបាតកន្លងមក ការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ។ សន្និបាតអប់រំ បានផ្តល់កាលានុវត្តភាពសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាអំពីការបំពេញការងារ កំណត់ពីបញ្ហាប្រឈមជាក់លាក់សម្រាប់ឆ្នាំខាងមុខ និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។ លទ្ធផលសន្និបាតអប់រំ នឹងផ្តល់ជាធាតុចូលដ៏មានសារសំខាន់សម្រាប់កែលម្អផែនការយុទ្ធសាស្រ្តវិស័យអប់រំ រៀបចំផែនការយុទ្ធសាស្ត្រថវិកា ផែនការវិនិយោគសាធារណៈ ផែនការប្រតិបត្តិប្រចាំឆ្នាំ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីបានរាយការណ៍អំពីសមិទ្ធិផលការងារសំខាន់ៗដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបាន ក្នុងឆ្នាំសិក្សា ២០២០-២០២១ កន្លងមក ដំណើរការនៃការបង្រៀន និងរៀនក្នុងបរិបទកូវីដ-១៩ ជាពិសេសដំណាក់កាលនៃកំណែទម្រង់វិស័យអប់រំ ព្រមទាំងបាឋកថាស្តីពី ការសម្រួចអាទិភាពសកម្មភាពផ្ដោតលើលទ្ធផល ដើម្បីកសាងមូលធនមនុស្សកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ដល់អាទិភាពឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដើម្បីឆ្លើយតបទៅនឹងការសិក្សាក្នុងគន្លងប្រក្រតីភាពថ្មី និងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ។

សូមជម្រាបថា សន្និបាតអប់រំនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងការផ្សាយផ្ទាល់តាមបណ្ដាញសង្គមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមដោយផ្ទាល់ និងពីចម្ងាយពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងនាយកដ្ឋាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត បុគ្គលិកអប់រំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×