ភ្នំពេញៈ គណបក្សនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិល បានស្វាគមន៍អបអរសាទរ និងគាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះ។ ហើយបានហៅការប្រកាសលុបចោលកាតព្វកិច្ចពាក់ម៉ាស់ គឺជាបង្ហាញនូវវិវឌ្ឍនភាពថ្មីរបស់ប្រទេសកម្ពុជាមួយជំហានថ្មីបន្ថែមទៀត ទាក់ទងលទ្ធផលដ៏ល្អជាទីគាប់ចិត្តនៃសមរភូមិប្រយុទ្ធប្រឆាំងនៃការរីករាលដាលឆ្លងជំងឺកូវីដ១៩។

លោកសេក សុជាតិ នាយកប្រតិបត្តិរបស់អង្គការអភិវឌ្ឍផ្នត់គំនិត និងងជាអ្នកវិភាគ បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសលើកលែងតែកាតព្វកាព្វកិច្ច១ ក្នុងចំណោមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ដូច្នេះនៅសល់ ៣កុំ និង២ការពារ ផ្សេងទៀត ដែលប្រជាពលរដ្ឋត្រូវបន្តរក្សាសុវត្ថិភាពផ្ទាល់ខ្លួនប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។
ជាមួយគ្នានេះ លោកសេក សុជាតិ បានអំពាវនាវប្រជាពលរដ្ឋចូលរួមអនុវត្តរតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។ ការប្រកាសមិនឱ្យប្រជាពលរដ្ឋពាក់ម៉ាស់នៅទូទាំងប្រទែសនេះ ពិតជាអាចជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋច្រើន តែសូមប្រជាពលរដ្ឋទាំងអស់ កុំភ្លេច ៣កុំ ២ការពារឱ្យខ្ជាប់ខ្ជួន និងព្យាយាមបន្តចាក់វ៉ាក់សាំងដូសជម្រុញឱ្យបានគ្រប់ចំនួន ដើម្បីសុវត្ថិភាពខ្លួនឯង គ្រួសារ សហគមន៍ សង្គម និងប្រទេសជាតិ។
ចំណែកលោកលោកសួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា បានមានប្រសាសន៍ថា ទាក់ទងទៅនិងការប្រកាសលុបចោលនូវកាតព្វកិច្ចពាក់ម៉ាស់ទូទាំងប្រទេសដែលបានប្រកាសដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែមេសា នេះ គឺជាបង្ហាញនូវវិវឌ្ឍនភាពថ្មីរបស់ប្រទេសកម្ពុជាមួយជំហានថ្មីបន្ថែមទៀត ទាក់ទងលទ្ធផលដ៏ល្អជាទីគាប់ចិត្តនៃសមរភូមិប្រយុទ្ធប្រឆាំងនៃការរីករាលដាលឆ្លងជំងឺកូវីដ១៩ ។

ពីព្រោះកម្ពុជានៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើងទៅទទួលបានវ៉ាក់សាំងគ្រប់គ្នាទាំងអស់ ដែលតិចបបំផុតកុមារទទួលបាន ២ដង ៣ដង មន្ត្រីជួរមុខរដ្ឋាភិបាល និងប្រជាពលរដ្ឋទទួលបាន ៤ដង ហើយរដ្ឋាភិបាលគ្រោងនឹងឲ្យមន្ត្រីជួរមុខទទួលវ៉ាក់សាំងលើកទី៥ ថែមទៀត គឺជាដំណើរការនៃការបង្ហាញនៅលទ្ធផលមួយថា កម្ពុជាអាចទប់ស្កាត់បាននៃការរីករាលដាលឆ្លងធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។ ហើយបើប្រៀបធៀបនឹងប្រទេសជិតខាងកម្រិតនៃការឆ្លងកូវីដ១៩ នៅប្រទេសកម្ពុជា គឺមានតិចបំផុត។ ហើយប្រទេសកម្ពុជាបានក្លាយជាប្រទេសទី២ បន្ទាប់ពីប្រទេសអារ៉ាប់រួមដែលបានកំពុងនឹងស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញបន្ទាប់វិបត្តិដ៏ធ្ងន់ធ្ងរកូវីដ១៩។
លោកសេរីរដ្ឋា បានបញ្ជាក់ថា ការប្រកាសបិទបញ្ចប់កាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈ ទីចំហរ ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅថ្ងៃទី២៦ ខែមេសា នេះ គឺការបង្ហាញនូវវិវឌ្ឍនភាពមួយធំធេងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីដាក់បង្ហាញឲ្យពិភពលោកឃើញថា កម្ពុជា គឺជាប្រទេសដែលមានសុវត្ថភាព។ ហើយប្រជាពលរដ្ឋទាំងអស់មានខែលការពារកូវីដ១៩ បើទោះបីជាមានការឆ្លងក៏ឆ្លងកម្រិតទាប ដែលក្រុមគ្រូពេទ្យនៅកម្ពុជាអាចទប់ស្កាត់និងព្យាបាលបាន ដោយមិនប៉ះពាល់ដល់អាយុជីវិតធ្ងន់ធ្ងរដូចបណ្តាប្រទេសមួយចំនួន។

រីឯឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា ការសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស គឺដោយរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ក្តាប់បានពីបញ្ហារោគរាតត្បាតកូវីដ១៩ ។ ហើយនេះជាចំណុចមួយល្អប្រសើរ គឺទី១. កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដែលត្រូវទិញម៉ាស់យកមកពាក់ និងទី២. នេះជាការសម្រេចមួយដែលសម្តេចតេជោ ហ៊ុន សែន មើលឃើញថា ក្រោយពីរដ្ឋាភិបាលបានបើកទូលាយក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ គឺមានប្រជាពលរដ្ឋជាច្រើនបានដើរលេងកំសាន្តសប្បាយនៅទូទាំងប្រទេស។ ហើយបើកូវីដនៅខ្លាំងក្លាដូចកាលពីដំបូងៗ មិនដឹងមានអ្នកឆ្លងប៉ុន្មាននាក់ទេ ប៉ុន្តែបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួចជាលទ្ធផល គឺឃើញមានអ្នកឆ្លងមានចំនួនតិចតួច។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះ បានសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស លើកលែងតែកន្លែងបិទជិត គឺរក្សាការពាក់ម៉ាសដដែល។ ដោយសម្ដេចបានបញ្ជាក់ថា ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នាពេលនេះ បន្ទាប់ពីតួលេខនៃការឆ្លងជំងឺកូវីដ១៩ មានលការធ្លាក់ចុះក្នុងកម្រិតទាបបំផុត ហើយភាពស៊ាំសហគមកាន់តែរឹងមាំ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមជម្រាបទៅដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសថា បន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីសុខាភិបាល នៅពេលនេះ រាជរដ្ឋាភិបាលបានសម្រេចដកកាតព្វកិច្ចពាក់ម៉ាសនៅតាមទីតាំងសាធារណៈចេញ ក៏ប៉ុន្តែកាតព្វកិច្ចនេះ នៅតែរក្សានៅក្នុងទីតាំងបិទជិតដែលមានដូចជា៖ អគារ ទីតាំងរោងភាពយន្ត សាលប្រជុំជាដើម។ការធ្វើបែបនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ទៅលើការទិញម៉ាស់ ដែលជាបន្ទុកចំណាយដ៏ធំមួយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ