ភ្នំពេញៈ ឯកឧត្តម Lorenzo GALANTI ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំកម្ពុជា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន និងការខិតខំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផ្ទាល់ ក្នុងនាមជាប្រេសិតពិសេស ក្នុងការរកដំណោះស្រាយចំពោះវិបត្តិចាក់ស្រេះនៅមីយ៉ាន់ម៉ា ព្រមទាំង បានសម្តែងនូវក្តីសង្ឈឹមថា កម្ពុជានឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាចំពោះវិបត្តិមីយ៉ាន់ម៉ា នាពេលខាងមុខ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្តោតការយកចិត្តទុកដាក់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី លើបញ្ហាចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។ ឯកឧត្តម ក៏បានថ្លែង អំណរគុណចំពោះកម្ពុជាផងដែរដែលបានគាំទ្រអ៊ីតាលីជាដៃគូសន្ទនារបស់អាស៊ាន។
ការកោតសរសើរនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។
ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីតាលីក៏បានកោតសរសើរចំពោះលទ្ធផលដ៏ល្អប្រសើរនៃយុទ្ធនាការចាក់ វ៉ាក់សាំងនៅកម្ពុជា និងបានថ្លែងអំណរកម្ពុជាដែលបានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃជូនដល់ជនជាតិ អ៊ីតាលី ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយនិងការផ្តល់នូវកិច្ចសហការដ៏ល្អរបស់ក្រសួងកបទ.សអ ជូនចំពោះ ឯកឧត្តម ក្នុងការបំពេញភារកិច្ចរបស់ខ្លួន។

ចំណែកឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីអំពីការអរគុណយ៉ាងជ្រាលជ្រៅរបស់ កម្ពុជា ចំពោះរដ្ឋាភិបាលអ៊ីតាលីដែលបានផ្តល់អំណោយវ៉ាក់សាំងអាស្ត្រាហ្សែននិកា (Astra Zeneca) ចំនួន ១,៥៦លានដូសដល់កម្ពុជា ហើយដែលត្រូវបានរៀបចំពិធីទទួលផ្ទាល់ដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ ដែលជំនួយនេះបានបង្ហាញពីសាមគ្គីភាពជាសកល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្នុងស្មារតីសាមគ្គីភាពជាសកលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កាលពីពេលកន្លងមក កម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរ Westerdam ដែលត្រូវ បានបដិសេធការចូលចតដោយប្រទេសមួយចំនួន ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បាន ផ្តល់ជំនួយវ៉ាក់សាំង និងគ្រឿងបរិក្ខារវេជ្ជសាស្រ្តទៅប្រទេសមួយចំនួនរួមមាន មីយ៉ាន់ម៉ា ឡាវ វៀតណាម នេប៉ាល់ និងទីម័រខាងកើត ជាដើម និងបានបញ្ជូនកងកម្លាំងកម្ពុជាជាង៨ពាន់នាក់ទៅចូលរួមក្នុងបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមប្រទេសមួយចំនួន៕ រក្សាសិទ្ធិដោយៈ ចេស្តារ
