Tuesday, June 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម ជួបសម្តែងការគួរសម

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍឥតឈប់ឈររបស់រាជធានីភ្នំពេញក៏ដូចជាកម្ពុជាទាំងមូល។ ឯកឧត្តមបានកោតសរសើរ និងអបអរសាទរ ចំពោះជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដែលបាននាំឱ្យកម្ពុជា បើកសង្គម សេដ្ឋកិច្ចឡើងវិញ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងគួរឱ្យកត់សម្គាល់។

ឯកឧត្តមប្រធានគណៈប្រតិភូ បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យ នៅក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ការបាះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ។ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង បានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភា ជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាបន្តទៀត នៅក្នុងការផ្លាស់ប្តូរបទពិសោធន៍នានា ដូចជាការកសាងច្បាប់ កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី នៅលើឆាកអន្តរជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង ក៏បានជម្រាបសម្តេច អំពីលទ្ធផលនិងកិច្ចសហប្រតិបត្តិការគ្នារវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយ នាពេលកន្លងមក ក៏ដូចជាគម្រោងទៅថ្ងៃអនាគត ដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនៅគ្រប់លំដាប់ថ្នាក់ នៃប្រទេសទាំងពីរ បង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងនាមជាបងប្អូន និងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដែលមាន ប្រវត្តិតស៊ូ រួមសុខ រួមទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ បានប្រព្រឹត្តិទៅយ៉ាងល្អ ជិតស្និទ្ធ និងស៊ីជម្រៅ ទាំងក្នុងក្របខ័ណ្ឌ បក្ស រដ្ឋ និងប្រជាជន ដោយផ្អែកលើស្មារតីភាតរភាព ស្និទ្ធស្នាល ជឿទុកចិត្តគ្នា ដោយបានផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងរវាងសាលារាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ ដែលបានសហការគ្នានាពេលកន្លងមក។

សម្តេចបានគំាទ្រកម្មវិធីការងារ ទាំងឡាយ ជាពិសេសការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព ការរីកចម្រើនរវាងរាជធានីភ្នំពេញ និងហាណូយ និងនិយាយជារួម ដើម្បីការរីកចម្រើនធំធាត់នៃប្រជាជាតិទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×