កំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នា ចុះទៅឃាត់ខ្លួនអ្នកលក់សត្វព្រៃខុសច្បាប់ នៅតាមដងផ្លូវជាតិលេខ៦ នៅស្រុកបាធាយ ដែលការឃាត់ខ្លួននេះត្រូវបានគេដឹងថា គឺក្រោយពីផ្ទុះរឿង យកសាច់សត្វព្រៃទៅធ្វើម្ហូបរកលុយតាម Youtube ហើយបានចូលខ្លួនមកសារភាពទោសកំហុស ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកលក់សត្វព្រៃខុសច្បាប់ នេះមិនត្រូវបានឃាយ់ខ្លួនដើម្បីអនុវត្តទោសនោះទេ ពោលគឺគ្រាន់តែអោយធ្វើកិច្ចសន្យាឈប់លក់ដូរសត្វព្រៃបន្តទៅទៀតតែប៉ុណ្ណោះ។
គួររំលឹកថា នារីម្នាក់បានបង្ហោះ រូបភាព និងវីដេអូ តាម Youtube មួយឈ្មោះ Natural Life TV ដោយបានបង្ហាញសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀតមកបង្ហោះលើទំព័រ Youtube របស់នាង ហើយបាននាំឲ្យមានការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម Facebook ដោយទាមទារឲ្យមានចំណាត់ការទៅលើសកម្មភាពរបស់នារីវ័យក្មេងរូបនេះផងដែរ។ ក្រោយពីមានប្រតិកម្មពីមហាជននិងក្រសួងបរិស្ថានមកនាងនឹងប្តីរបស់នាងក៏បានចូលខ្លួនមកសារភាពកាលពីរសៀលថ្ងៃទី១០ ឧសភាផងដែរ ដើម្បីមកទទួលកំហុស៕ ដោយ៖បញ្ញាស័ក្តិ