មង្គលការថ្មីមួយនៅក្នុងស្រុកខ្មែរ ដែលរៀបចំឡើងក្នុងលក្ខណៈបែបទំនៀមទម្លាប់ថៃ បានរងការរិះគន់យ៉ាងខ្លាំង ព្រោះពួកគេបានគិតថា ការរៀបចំបែបនេះវាធ្វើឲ្យបាត់បង់ប្រពៃណីខ្មែរតែម្តង ដែលមិនគួរណានាំគ្នាចូលរួមលើកស្ទួយវប្បធម៌ប្រពៃណីបរទេសទៅវិញនោះទេ ។ ហើយជាមួយគ្នានេះ លោក តាំង គីមឡេង ដែលជាបុគ្គលម្នាក់តែងលេចធ្លោក្នុងការចូលរួមកិច្ចការងារសង្គម ក៏បានសម្តែងនូវការមិនពេញចិត្តនឹងមង្គលការដ៏ខុសឆ្គងនេះផងដែរ ។
ជាការឆ្លើយតបទៅនឹងមតិរិះគន់ នារីម្នាក់ដែលអះអាងថាខ្លួនជាសាច់ញាតិរបស់កូនកំលោះ បានលើកឡើងថា ដោយសារតែកូនក្រមុំជាជនជាតិថៃ ហេតុនេះ បងប្អូនសាច់ញាតិទាំងសងខាងក៏សម្រេចចិត្តជ្រើសរើសការសម្លៀកពាក់បែបនេះទៅ សូមឲ្យបងប្អូនគ្រប់គ្នាមេត្តាអនុគ្រោះផង ។ នារីរូបនោះបានសរសេរសារនៅលើគណនីហ្វេសប៊ុករបស់នាងឈ្មោះ Ny Sreytouch យ៉ាងដូច្នេះថា៖ «ខ្ញុំ បងប្អូនខាងប្រុស ហើយខាងស្រីជាកូនថៃ អញ្ចឹងការហ្នឹងត្រូវមានទំនៀមទំលាប់លាយគ្នាអញ្ចឹងសូមមេត្តាផង» ៕