Thursday, June 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ បង្ហាញពីគោលបំណងចង់ប្រែក្លាយ មន្ទីរពេទ្យហ្លួងម៉ែ ឲ្យទៅជាមន្ទីរពេទ្យឯកទេស ខាងព្យាបាលជំងឺមហារីក នាពេលខាងមុខ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា មន្ទីរពេទ្យហ្លួងម៉ែ ដែលកំពុងឱ្យអ្នកជំងឺ សម្រាកព្យាបាលកូវីដ-១៩នោះ នឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺមហារីក នៅពេលក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានរលាយរលត់ អស់អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅទីនោះ។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា សម្រាប់មន្ទីរពេទ្យហ្លួងម៉ែ សម្រាប់ពេលអនាគត នឹងត្រូវប្រែក្លាយជាមន្ទីរពេទ្យឯកទេសផ្នែកព្យាបាលជំងឺមហារីក ព្រោះតែបច្ចុប្បន្នជំងឺមហារីកមានច្រើន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការពិភាក្សា ផ្ទេរអ្នកជំងឺកូវីដ១៩ កំពុងព្យាបាលនៅមណ្ឌលសម្រាកព្យាបាលស្តាតអូឡាំពិក ទៅមន្ទីរពេទ្យហ្លួងម៉ែ ឬមន្ទីរពេទ្យចាក់អង្រែ ដើម្បីយកទីតាំងស្តាតជួសជុល ត្រៀមឲ្យកីឡាករហ្វឹកហាត់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការណែនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដែលរៀបចំផ្ទេរអ្នកជំងឺកូវីដ១៩ ចេញពីស្តាតអូឡាំពិកនេះ គឺទាន់ពេលដែលអ្នកជំងឺនៅមានតិចតួច ខណៈនៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់ ហើយកីឡាកររបស់កម្ពុជា ត្រូវការហ្វឹកហាត់ជាចាំបាច់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា តួលេខអ្នកជំងឺកូវីដ១៩ របស់យើងនៅទូទាំងប្រទេសកម្ពុជា ដែលកំពុងសម្រាកព្យាបាលមានចំនួនតែ ៩៣នាក់ ក្នុងនោះមាននៅរាជធានីភ្នំពេញ មានតែ២៦នាក់ ដោយ៨នាក់ កំពុងប្រើអុកស៊ីសែនធម្មតា, អ្នកជំងឺប្រើម៉ាស៊ីនជំនួយដង្ហើមម្នាក់ និងក្នុងបន្ទប់ ICU ចំនួន៩នាក់។ ខ្ញុំសុំស្នើដោយយើងនៅជំពាក់ស្តាតអូឡាំពិក ដែលមិនទាន់បានប្រគល់ទៅឲ្យកីឡាវិញ អីចឹងសូមពិភាក្សាគ្នា ខ្ញុំគិតថាឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម ម៉ម ប៊ុនហេង អាចមើលបានតាមរយៈការផ្សាយផ្ទាល់ និងអ្នកពាក់ព័ន្ធ ឥឡូវនេះយើងកំពុងសាងសង់មន្ទីរពេទ្យមួយ ដែលមានសមត្ថភាពទទួលអ្នកជំងឺប្រមាណ១ម៉ឺននាក់ ដែលនឹងរួចរាល់នៅដើមឆ្នាំក្រោយ។ ឯនៅស្តាតអូឡាំពិកនេះ យើងបានផ្ទេរអ្នកជំងឺចេញមួយចំនួនធំហើយ ប៉ុន្តែខ្ញុំមិនចង់បន្តទៀត អីចឹងសូមពិភាក្សាគ្នាយកអ្នកជំងឺរបស់យើង ទៅដាក់នៅមន្ទីរពេទ្យហ្លួងម៉ែ ឬទៅមន្ទីរពេទ្យចាក់អង្រែ ដើម្បីប្រគល់ស្តារអូឡាំពិក ដើម្បីជួសជុលឲ្យរួចរាល់ ព្រោះយើងសល់តែ១ឆ្នាំទៀតទេ ដល់ការប្រកួតកីឡាស៊ីហ្គេមមកដល់ យើងយកទីតាំងស្តាតធ្វើការហ្វឹកហាត់។

នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍ បង្ហាញពីគោលបំណងចង់ប្រែក្លាយ មន្ទីរពេទ្យហ្លួងម៉ែឲ្យទៅជាមន្ទីរពេទ្យឯកទេស ខាងព្យាបាលជំងឺមហារីក នាពេលខាងមុខផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីជំងឺកូវីដ-១៩ បានថមថយក៏ពិតមែន តែកម្ពុជាមិនបោះបង់ការត្រៀមលក្ខណៈឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈនោះឡើយ គឺយើងត្រូវតែបន្តការការពារជាបន្តទៀត។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការពិចារណាបំលាស់ទីអ្នកជំងឺកូវីដ-១៩ពីពហុកីឡដ្ឋានជាតិអូឡាំពិក ទៅកាន់មន្ទីរពេទ្យហ្លងម៉ែ ឬកន្លែងផ្សេង ដើម្បីប្រគល់ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រឡប់ទៅបម្រើការងារកីឡាឡើងវិញ ដើម្បីត្រៀមរៀបចំទីតាំងសម្រាប់ការប្រកួតកីឡាផ្សេងៗពេលដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំក្រោយ។ ការបំលាស់ទីតាំងអ្នកជំងឺនេះ សម្តេចតេជោបានផ្តល់យោបល់ថា អាចយកពួកគាត់ទៅមណ្ឌលចាក់អង្រែ ឬទៅមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ព្រែកព្នៅ តែមណ្ឌលនេះបើតាម ឯកឧត្តម ឃួង ស្រេង ថាអាចនឹងសាងសង់រួចរាល់ដើមឆ្នាំ២០២៣៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×