ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានធ្វើលិខិតឆ្លើយតបទៅឯកឧតុ្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ ទាក់ទងកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២។
យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧតុ្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិកថា ៖ “ខ្ញុំសូមអរគុណឯកឧតុ្តមប្រធានាធិបតី ដែលបានផ្ញើលិខិតអញ្ជើញខ្ញុំចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២។ ខ្ញុំមានសេចក្តីសោមនស្សរីករាយនឹងចូលរួមកិច្ចប្រជុំនេះ។ ខ្ញុំជឿជាក់ថាការបញ្ជាក់ជាថ្មីនូវប្ដេជ្ញាចិត្តរបស់ឯកឧត្ដម ដើម្បីពង្រឹងថែមទៀតនូវ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នឹងជាជំហានឆ្ពោះទៅមុខមួយឈានទៅរកការតម្លើងភាពជាដៃគូរបស់យើងឱ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។ ក្នុង ន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ សូមបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នាដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហ ប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ។ សម្តេចជឿជាក់ថា កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់យើង ពិភាក្សាពីការជម្រុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋ អាមេរិក។
សម្តេចតេជោ ហ៊ុន សែន ទន្ទឹងជួបជាមួយឯកឧតុ្តមដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រៀមធ្វើការ ជិតស្និទ្ធជាមួយឯកឧត្តម៕ រក្សាសិទ្ធិដោយៈ ចេស្តារ

